(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសកត់ឈ្មោះ ក្រុមទាហានស៉ីឈ្នួល វេកណឺ (Wagner) របស់រុស្ស៉ី ដែលបាននិងកំពុងជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ចូលជា «ក្រុមឧក្រិដ្ឋជនឆ្លងដែន»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន​ លោក ចន ខឺប៊ី (John Kirby) បាននិយាយថា ក្រុមទាហានឯកជន Wagner ដែលគ្រប់គ្រងដោយលោក យេវហ្កេនី​ ព្រីហ្កោហ្ស៉ីន (Yevgeny Prigozhin) ដែលជាអ្នកជំនួញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន មានកងកម្លាំងប្រហែល៥០,០០០នាក់ នៅអ៊ុយក្រែន ក្នុងនោះ៨០ភាគរយ គឺត្រូវបានកេណ្ឌចេញពី​ប្រព័ន្ធពន្ធនាគាររបស់ប្រទេសរុស្ស៉ី។

លោក ខឺប៊ី បានលើកឡើងដូច្នេះថា «ក្រុម Wagner គឺជាអង្គការឧក្រិដ្ឋជនមួយ ដែលកំពុងប្រព្រឹត្តទង្វើសាហាវឃោរឃៅ និងសកម្មភាពរំលោភសិទ្ធិមនុស្សនៅកន្លែងជាច្រើន។ ទន្ទឹមគ្នា ពួកយើងក៏នឹងប្រឹងប្រែងឥតឈប់ឈរដើម្បីស្វែងរក, បង្អាក់, បកអាក្រាត និងដាក់គោលដៅលើ អ្នកដែលកំពុងតែជួយក្រុមនេះថែមទៀត។

គួរបញ្ជាក់ថា ការចាត់បញ្ចូលខាងលើ នឹងអនុញ្ញាតឱ្យអាមេរិកអាចដាក់ទណ្ឌកម្ម បានកាន់តែទូលំទូលាយលើក្រុម Wagner ដែលក្រៅពីប្រតិបត្តិការបម្រើជា កងកម្លាំងប្រដាប់អាវុធស៉ីឈ្នួល ក្រុមនេះក៏មានអាជីវកម្មនៅឯទ្វីបអាហ្រ្វិកក៏ដូចជាកន្លែងផ្សេងទៀតផងដែរ។ បើតាមសេតវិមាន ទីក្រុងវ៉ាស៉ីនតោននឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមលើក្រុម Wagner នៅសប្តាហ៍ក្រោយ៕