(ប៉េកាំង)៖ មនុស្សសរុបចំនួន២៨នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍បាក់ផ្ទាំងព្រិលទឹកកពីលើភ្នំ ដែលបានវាយប្រហារចំលើកំណាត់​ផ្លូវហាយវេមួយកន្លែង ហើយបណ្តាលឱ្យយានជំនិះជាច្រើនគ្រឿង កប់នៅក្រោមនោះ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីយប់ថ្ងៃសុក្រ បានរាយការណ៍ថា ក្រុមភ្នាក់ងារជួយសង្រ្គោះបានរកឃើញ សាកសពមនុស្ស៨នាក់ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់២៨នាក់ ចាប់តាំងពីហេតុការណ៍បាក់ផ្ទាំងព្រិលខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃអង្គារសប្តាហ៍នេះ នៅកំណាត់ផ្លូវហាយវេមួយខ្សែ ដែលតភ្ជាប់ទីក្រុងនីយីងជី (Nyingchi) នៅភាគនិរតីតំបន់ទីបេ ជាមួយស្រុកមេទុក (Medog)។

គួរបញ្ជាក់ថា នៅមុននោះ បណ្តាញសារព័ត៌មានក្នុងស្រុករបស់ចិន បានរាយការណ៍ថា មនុស្ស២០នាក់បានស្លាប់ ខណៈ៨នាក់នៅបាត់ខ្លួន ចំណែក៥៣នាក់ត្រូវបានជួយសង្រ្គោះ ក្នុងនោះ៥នាក់រងរបួសធ្ងន់។ សម្រាប់ពេលនេះ ប្រតិបត្តិការរុករកជនរងគ្រោះ គឺហាក់ត្រូវបានបិទបញ្ចប់ហើយ ដោយពុំច្បាស់ថា នៅមានមនុស្សបាត់ខ្លួនទៀត ឬក៏យ៉ាងណាឡើយ៕