(ហ្សឺណែវ)៖ ប្រធានផ្នែកចាក់ថ្នាំបង្ការរបស់អង្គការសុខភាពពិភពលោក នៅថ្ងៃសុក្រនេះ បានសាទរប្រទេសចិនចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ លើក្រុមមនុស្សវ័យចាស់ ព្រមទាំងវិធានការបន្ធូរបន្ធយលើការរឹតត្បិតលើជំងឺរាតត្បាតនេះកាលពីខែមុនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

លោកស្រី Kate O'Brien បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «ប្រទេសចិនកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការជំងឺជូនមនុស្សចាស់ជរាទាំងដូសមូលដ្ឋាន និងដូសជម្រុញ»

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា មនុស្សចាស់មួយចំនួនបានត្អូញត្អែរថា ជួនកាលពួកគាត់ពិតជាពិបាកយល់ដឹងពីការផ្លាស់ប្តូរគោលនយោបាយវ៉ាក់សាំងរបស់រដ្ឋាភិបាល ដោយពេលខ្លះពួកគេបានទទួលដំណឹងថា មិនណែនាំឲ្យស្វែងរកការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ចាប់តាំងពីវាបានលេចឡើងនៅទីក្រុង Wuhan នៅចុងឆ្នាំ ២០១៩មក ប្រជាជនចិនដែលមានចំនួនរហូតដល់ ១.៤ពាន់លាននាក់ ត្រូវបានចាត់វិធានការការពារពីជំងឺកូវីដ១៩យ៉ាងតឹងរឹង។ ប៉ុន្តែចាប់តាំងពីការរឹតបន្តឹងត្រូវបានដកចេញកាលពីខែធ្នូកន្លងទៅ ប្រទេសចិនបានឃើញការកើនឡើងនៃករណីឆ្លង ទោះបីជាមន្ត្រីបាននិយាយថា វាបានឈានដល់កម្រិតកំពូលក៏ដោយ៕