(ប៉េកាំង)៖ បុណ្យចូលឆ្នាំចិននឹងចូលមកដល់នៅថ្ងៃទី ២២ ខែមករានេះ ដែលថ្ងៃទី ២១ ជាថ្ងៃដាច់ឆ្នាំ ។ អ្វីដែលខុសប្លែកពីបីឆ្នាំកន្លងទៅនៅប្រទេសចិន គឺនៅចុងឆ្នាំ ២០២២ ក្រោយពីបានទទួលសមិទ្ធផលជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ប្រទេសចិនបានសម្រេចលុបចោលវិធានការតឹងរ៉ឹង ចំពោះការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដោយកែសម្រួលកម្រិតឆ្លងនៃជំងឺកូវីដ-១៩ ពី «ថ្នាក់Aគ្រប់គ្រងតាមថ្នាក់B» មក «ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B» ពោលគឺមិនចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺឆ្លងដែលបង្កគ្រោះថ្នាក់ធ្ងរធ្ងន់ដល់ អាយុជីវិតរបស់ប្រជាជនទៀតឡើយ ។

ក្នុងអំឡុងពេលបីឆ្នាំកន្លងទៅ រាល់ពេលជិតដល់ថ្ងៃបុណ្យទានធំៗ រដ្ឋាភិបាលចិននឹងអំពាវនាវឱ្យប្រជាពលរដ្ឋកុំ ធ្វើដំណើរឆ្លងខេត្ត-ក្រុងបើគ្មានភាពចាំបាច់ ជាពិសេសគឺនៅថ្ងៃបុណ្យចូលឆ្នាំចិន ដែលកាលពីមុនពេលផ្ទុះវិបត្តិកូវីដ គេនឹងឃើញមានប្រជាពលរដ្ឋធ្វើដំណើរវិលត្រឡប់ទៅ ចូលឆ្នាំនៅផ្ទះយ៉ាងសន្ធឹកសន្ធាប់ តែក្រោយផ្ទុះជំងឺកូវីដ ការ «ចូលឆ្នាំនៅកន្លែងកំពុងស្នាក់នៅ» បានក្លាយជាវិធីឆ្លងឆ្នាំថ្មីរបស់ប្រជាជនចិនទូទាំងប្រទេស ។ អាស្រ័យហេតុនេះ មិនថាវិស័យទេសចរណ៍ឬការប្រើប្រាស់ក្នុងថ្ងៃបុណ្យនោះទេ សុទ្ធតែធ្លាក់ចុះយ៉ាងគំហុក ។

ដោយឡែកក្នុងឆ្នាំនេះ ក្រោយពីការបន្ធូរបន្ថយវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនិងបើកប្រទេសឡើងវិញ ពលរដ្ឋចិនបានចេញទៅធ្វើទេសចរណ៍នៅក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេលបីឆ្នាំ ។ ឯវិស័យដឹកអ្នកដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិនវិញ ក៏បានរស់ឡើងវិញផងដែរ ដោយគិតត្រឹមថ្ងៃទី ២០ ខែមករានេះ ចំនួនអ្នកដំណើរដែលធ្វើដំណើរ តាមមធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីទៅចូលឆ្នាំនៅផ្ទះឬចេញទៅដើរកម្សាន្ត បានកើនឡើងជិត ៦០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ហើយតួលេខនេះនឹងបន្តកើនឡើងថែមទៀត ។

គេសង្កេតឃើញថា នៅគ្រប់ស្ថានីយចេញដំណើរនៅទូទាំងប្រទេស អ្នកដំណើរគ្រប់រូបមានទឹកមុខញញឹមពព្រាយ ដោយសារបានវិលត្រឡប់ទៅជួបជុំគ្រួសារក្នុងថ្ងៃចូលឆ្នាំ ។ ឯគ្រប់ទីតំបន់នានា ក៏ប្រកបដោយបរិយាកាសថ្ងៃបុណ្យដ៏សប្បាយរីករាយ ដោយសារតែជីវភាពរស់នៅបានវិលត្រឡប់ ទៅរកសភាពដូចមុនពេលផ្ទុះវិបត្តិកូវីដវិញ ។

ជាការពិតណាស់ ការដែលប្រជាជនអាចធ្វើដំណើរទៅមក ដោយមិនបាច់ព្រួយបារម្ភពីជំងឺឆ្លង អាចជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ អាចដើរកម្សាន្តនៅគ្រប់ទីកន្លែងមិនថាក្នុង ឬក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំ វាជាការសបញ្ជាក់ថា វិស័យទេសចរណ៍និងទីផ្សារប្រើប្រាស់ ក្នុងថ្ងៃបុណ្យទានបានរស់ឡើងវិញហើយ ។ ឯវិស័យទាំងពីរនេះ ជាកត្តាដ៏សំខាន់ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចចិន ។

បើធៀបនឹងមុនវិបត្តិកូវីដ ក្នុងរយៈពេលបីឆ្នាំកន្លងនេះ ពិតមែនតែសេដ្ឋកិច្ចចិននៅតែរក្សាកំណើនវិជ្ជមានក្តី ក៏ប៉ុន្តែផលប៉ះពាល់ពីជំងឺឆ្លងក៏មិនតិចដែរ ។ អាស្រ័យហេតុនេះ តម្រូវឱ្យរដ្ឋាភិបាលសិក្សាតាមបែបវិទ្យាសាស្ត្រ ចំពោះសភាពការណ៍ជាតិរបស់ខ្លួន ពោលគឺក្រៅពីប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាស្នូល តម្កល់ទុកអាយុជីវិតជាចម្បងក្នុងបរិបទមានជំងឺរាតត្បាត ក៏ត្រូវកែសម្រួលវិធានការជាបន្តបន្ទាប់ដើម្បី ឱ្យស្របតាមការវិវឌ្ឍជាក់ស្តែងនៃស្ថានការណ៍ជំងឺឆ្លង ។

ការសម្រេចចិត្តបើកប្រទេសឡើងវិញរបស់ប្រទេសចិន មិនត្រឹមតែបានធ្វើឱ្យបរិយាកាសអ៊ូអរសប្បាយរីករាយ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិនវិលត្រឡប់មកវិញនោះទេ ប៉ុន្តែក៏បានក្លាយជាសញ្ញាដ៏វិជ្ជមានសម្រាប់ការស្តារ សេដ្ឋកិច្ចជាតិនិងពាណិជ្ជកម្មជាមួយបរទេសផងដែរ ។ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ជាច្រើនលើកច្រើនសាថា សេដ្ឋកិច្ចចិនក្នុងឆ្នាំនេះនឹងមានកំណើនគួរឱ្យកត់សម្គាល់ ដែលនឹងនាំមកនូវកាលានុវត្តភាពថ្មីសម្រេចការស្តារ សេដ្ឋកិច្ចពិភពលោកឡើងវិញ ។

ចំណែកបណ្តាប្រទេសនានាដែលសាទរចំពោះប្រទេសចិន ដែលបានបើកប្រទេសឡើងវិញ ក្រៅពីការរំពឹងទុកចំពោះកំណើនទេសចរចិន ដែលនឹងជំរុញឱ្យវិស័យទេសចរណ៍អន្តរជាតិនៃប្រទេសខ្លួនរស់ឡើងវិញ ក៏រំពឹងទុកពីការពង្រឹងនិងពង្រីកវិស័យពាណិជ្ជកម្ម អន្តរជាតិជាមួយប្រទេសចិនផងដែរ ។ ដូចជាការរំពឹងអ៊ីចឹង ក្នុងឱកាសវិស្សមកាលចូលឆ្នាំចិននេះ ពលរដ្ឋចិនជាច្រើនបានចេញទៅធ្វើទេសចរណ៍នៅបរទេស ទីផ្សារប្រើប្រាស់ក្នុងថ្ងៃបុណ្យទានបានកើនឡើងយ៉ាងខ្លាំង ចំនួនអ្នកដំណើរទៅមកឆ្លងខេត្ត-ក្រុងទៅទូទាំង ប្រទេសចិនក៏បានកើនឡើងយ៉ាងខ្លាំង ។ល។ ទាំងនេះបានបញ្ជាក់ថា វិធានការបន្ធូរបន្ថយការបង្ការនិងគ្រប់គ្រងជំងឺឆ្លង របស់ចិនគឺបានអនុវត្តជាក់ស្តែងដែលមិនមែនធ្វើឱ្យតែល្អមើលនោះទេ ហើយការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំថ្មីក៏មានការចាប់ផ្តើមដ៏ល្អប្រសើរមួយផងដែរ ។

កាលពីថ្ងៃទី ១៨ ខែមករាកន្លងទៅនេះ ពេលជួបសំណេះសំណាលតាមប្រព័ន្ធវីដេអូជាមួយ កម្មាភិបាលនិងមហាជននៅតំបន់មូលដ្ឋានមួយចំនួន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា ៖ «ក្តីបំណងធំបំផុតរបស់ខ្ញុំគឺសង្ឃឹមថាជនរួមជាតិទាំងអស់អាចឆ្លងថ្ងៃបុណ្យចូលឆ្នាំដោយក្តីសប្បាយរីករាយ»

ជាការពិតណាស់ ដោយសារជីវភាពរស់នៅបានវិលត្រឡប់ទៅរកគន្លងប្រក្រតីភាពឡើងវិញ ហេតុនេះក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ បរិយាកាសសប្បាយរីករាយបានគ្របដណ្តប់ទូទាំងប្រទេសចិន ហើយគេជឿជាក់ថា ក្នុងឆ្នាំថ្មីនេះ ប្រទេសចិននឹងរួមចំណែកថ្មីដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញ ពិសេសសន្តិភាព សន្តិសុខ វិបុលភាពនិងវឌ្ឍនភាពនៃពិភពលោកជាក់ជាមិនខាន ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន