(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដើម្បីតវ៉ាប្រឆាំងនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Sukyeol) ដែលនិយាយថាអ៉ីរ៉ង់គឺជាសត្រូវរបស់សហព័ន្ធអារ៉ាប់ (UAE)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

ថ្លែងទៅកាន់កងទ័ពកូរ៉េខាងត្បូងដែលឈរជើងនៅទីក្រុងអាប៊ូ ដាប៊ី (Abu Dhabi) កាលពីដើមសប្តាហ៍នេះ លោក យូន បាននិយាយថាកូរ៉េខាងត្បូង និងសហព័ន្ធអារ៉ាប់រួម ស្ថិតនៅក្រោមកាលៈទេសៈស្រដៀងគ្នាខ្លាំងណាស់ ដែលប្រទេសនីមួយៗប្រឈមកំពុងនឹងកូរ៉េខាងជើង និងអ៊ីរ៉ង់ «ជាសត្រូវ និងជាការគំរាមកំហែងធំបំផុត»។ នេះជាសុន្ទកថាដ៏កម្រមួយ រវាងទីក្រុងសេអ៊ូល និងទីក្រុងតេអេរ៉ង់ ចំពេលដែលទំនាក់ទំនងត្រូវបានសាកល្បងរួចហើយ ជុំវិញបញ្ហាមូលនិធិអ៉ីរ៉ង់ដែលបានបង្កកក្នុងប្រទេសកូរ៉េខាងត្បូង និងការសង្ស័យថាមានការជួញដូរអាវុធរវាងអ៉ីរ៉ង់ និងកូរ៉េខាងជើង ជាដើម។

ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៉ីរ៉ង់បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការច្បាប់ លោក រ៉េហ្សា ណាចាហ្វី (Reza Najafi) បានកោះហៅលោក យុន កាងហ៉ីយឺន (Yun Kang-hyeon) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ ក្នុងពេលនោះ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានចង្អុលបង្ហាញអំពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងជាមិត្តភាពរបស់អ៉ីរ៉ង់ជាមួយប្រទេសភាគច្រើននៃតំបន់ឈូងសមុទ្រពែក្ស ហើយចាត់ទុកការអត្ថាធិប្បាយរបស់លោក យូន ថាជាការជ្រៀតជ្រែកនិងបំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់។ លោក ណាចាហ្វី ក៏បានចោទប្រកាន់កូរ៉េខាងត្បូងពីការប្រកាន់គោលជំហរអមិត្តចំពោះអ៉ីរ៉ង់ តាមរយៈការបង្កកមូលនិធិរបស់ខ្លួន។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានទាមទារម្តងហើយម្តងទៀតឲ្យមានការបញ្ចេញមូលនិធិរបស់ខ្លួនប្រហែល ៧ពាន់លានដុល្លារដែលជាប់គាំងនៅក្នុងធនាគារកូរ៉េខាងត្បូង ក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ កូរ៉េខាងត្បូងធ្លាប់ជាប្រទេសទិញប្រេងឆៅដ៏ធំបំផុតមួយរបស់អ៉ីរ៉ង់នៅក្នុងតំបន់អាស៊ី ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីដកមូលនិធិ និងបន្តការជួញដូរប្រេងឡើងវិញ បន្ទាប់ពីកិច្ចចរចាដើម្បីស្តារកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០២២៕