(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរលិខិតអញ្ជើញប្រធានាធិបតីចិន លោក ស៉ី ជិនពីង ដើម្បីស្នើសុំឲ្យមានកិច្ចសន្ទនាគ្នាមួយ ខណៈដែល ការឈ្លានពានរបស់រុស្ស៊ីនៅប្រទេសរបស់លោក ជិតឈានដល់គម្រប់ខួបមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

ស្រ្តីទី១អ៊ុយក្រែន លោកស្រី អូឡេណា ហ្សេលេនស្កា (Olena Zelenska) ដែលជាភរិយាលោក ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លិខិតនេះត្រូវបានប្រគល់ ជូនគណៈប្រតិភូចិន នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រារព្ធឡើងក្នុងទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស។ លោកស្រី ហ្សេលេនស្កា បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «នេះគឺជាកាយវិការ និងការអញ្ជើញឲ្យមានការសន្ទនា ហើយខ្ញុំសង្ឃឹមយ៉ាងខ្លាំងថានឹងមានការឆ្លើយតបចំពោះការអញ្ជើញនេះ»

កាលពីខែសីហា ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានប្រាប់កាសែត South China Morning Post ថាលោកបានស្នើសុំរៀបចំកិច្ចសន្ទនាផ្លូវការជាមួយលោក ស៉ី ដោយបន្ថែមថា កិច្ចសន្ទនាគ្នានេះនឹងនាំមកនូវប្រយោជន៍រួម។ ក្រោយមក រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ធ្លាប់បានជួបគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ក្នុងខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែន បានព្យាយាមម្តងហើយម្តងទៀតដើម្បីទាក់ទងទៅកាន់មេដឹកនាំចិន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ដោយសង្ឃឹមថាទីក្រុងប៉េកាំង នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន លើមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឲ្យបញ្ចប់ការឈ្លានពានរបស់ខ្លួន៕