(បែរឡាំង)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានេះថាអាល្លឺម៉ង់នឹងអនុញ្ញាតលើការនាំចេញរថក្រោះប្រយុទ្ធធុនធ្ងន់ ផលិតដោយអាល្លឺម៉ង់ ដើម្បីបញ្ជូនឱ្យអ៊ុយក្រែន យកទៅប្រើក្នុងការសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមប្រគល់រថក្រោះ ប្រយុទ្ធរបស់ខ្លួនឱ្យទីក្រុងកៀវដែរ។

សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើឡើងដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ មន្ត្រីដដែលនេះបានឱ្យដឹងថាអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានលើកឡើងពីលក្ខខណ្ឌខាងលើជាច្រើនដង នៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែ ខាងទីក្រុងបែរឡាំងមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីទេ ខណៈរដ្ឋាភិបាលរបស់លោក អូឡាហ្វ សូលស៍ នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ ជុំវិញសំណើបញ្ជូនរថក្រោះប្រយុទ្ធខ្លារខិន Leopard ឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច នឹងត្រូវជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលមួយដែលនឹងប្រព្រឹត្តទៅនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីការផ្ដល់ជំនួយយោធាបន្ថែមឱ្យអ៊ុយក្រែន ដោយផ្ដោតជាសំខាន់លើលទ្ធភាពនៃការបញ្ជូនរថក្រោះប្រយុទ្ធ Leopard ឱ្យទីក្រុងកៀវ។ ក្រៅពីអាល្លឺម៉ង់ ប្រទេសជាសម្ព័ន្ធមិត្ត NATO មួយចំនួនក៏មានរថក្រោះប្រយុទ្ធ Leopard ដែរ ដែលស័ក្តិសមបំផុតសម្រាប់អ៊ុយក្រែននៅលើសមរភូមិសព្វថ្ងៃ ហើយប្រទេស ដូចជាប៉ូឡូញ និងហ្វាំងឡង់ជាដើម បានប្រកាសថាពួកគេត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់នេះឱ្យអ៊ុយក្រែន ប្រសិនបើមានភ្លើងបៃតង ពីអាល្លឺម៉ង៕