(ហាណូយ)៖ រដ្ឋសភាវៀតណាមនៅថ្ងៃពុធ ទី១៨ ខែមករានេះ បានអនុម័តលើការលាលែងតំណែងរបស់ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក មួយថ្ងៃបន្ទាប់ពីលោកបានប្រកាសលាលែងពីតំណែង ដែលជាផ្នែកមួយនៃការប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ​​ ទី១៨ ខែមករា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា សមាជិករដ្ឋសភាជាង ៩៣ភាគរយបានបោះឆ្នោតគាំទ្រដើម្បីអនុម័តការលាលែងពីតំណែងរបស់ លោក សួនហ៊្វុក នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយដែលត្រូវបានបិទទ្វារមិនអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចូលយកព័ត៌មាន។

ស្រប​តាម​រដ្ឋធម្មនុញ្ញ ដោយ​មិន​ទាន់​មាន​អ្នក​ស្នង​តំណែង​នៅ​ឡើយ​ទេ​នោះ ​លោក Phu Thi Anh Xuan ដែល​ជា​អនុប្រធាន​បច្ចុប្បន្ន​ នឹងក្លាយ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ដោយ​ស្វ័យ​ប្រវត្តិ។

ការចាកចេញភ្លាមៗរបស់លោក សួនហ៊្វុក គឺជាចលនាមិនធម្មតាមួយនៅក្នុងប្រទេសវៀតណាម ដែលជាធម្មតាការផ្លាស់ប្តូរនយោបាយណាមួយត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុត។

គណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចកាលពីថ្ងៃអង្គារថា មេដឹកនាំអាយុ ៦៨ឆ្នាំរូបនេះ ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសដោយរដ្ឋមន្ត្រីជាន់ខ្ពស់របស់ខ្លួន នៅពេលលោកធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ មុនក្លាយជាប្រធានាធិបតី។

គួរបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក គឺជាសមាជិកនៅក្នុងគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្ត នៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាជាច្រើនអាណត្តិមកហើយ។ ចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ លោក គឺជាប្រធានគណៈកម្មាធិការប្រជាជនប្រចាំខេត្តក្វាងណាំ (Quang Nam)។ ក្រោយមក លោក ហ៊្វុក ត្រូវបានតែងតាំងជា ប្រធាន​ការិយាល័យរដ្ឋាភិបាល នៅឆ្នាំ២០០៦ និងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ២០១១ មុនក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៦។ ជាចុងក្រោយ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១៕