(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ក្រុមព្រះអាជ្ញានៃប្រទេសជប៉ុន បានធ្វើការចោទប្រកាន់ជាផ្លូវការហើយ ចំពោះបុរសជាជនសង្ស័យក្នុងករណីឃាតកម្មលើ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានរាយការណ៍ថា ការិយាល័យព្រះរាជអាជ្ញានៃទីក្រុងណារ៉ា បានចោទប្រកាន់ លោក តេស៊ូយ៉ា យ៉ាម៉ាហ្កាមិ (Tetsuya Yamagami) ដែលមានអាយុ៤២ឆ្នាំ ពីបទឃាតកម្ម ក៏ដូចជាពីបទបំពានច្បាប់គ្រប់គ្រងកាំភ្លើងរបស់ប្រទេសជប៉ុន បន្ទាប់ពីការវាយតម្លៃសុខភាពផ្លូវចិត្តរយៈពេល៦ខែ លើជនសង្ស័យបានបិទបញ្ចប់។

ក្នុងហេតុការណ៍ដែលបានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង លោក យ៉ាម៉ាហ្កាមិ ត្រូវឃាត់ខ្លួនបាននៅនឹងកន្លែងផ្ទាល់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីជាប់សង្ស័យប្រើកាំភ្លើងកែច្នៃមួយដើម បាញ់ប្រហារទៅលើលោក អាបេ ពីក្រោយខ្នង ខណៈដែលអតីតនាយករដ្ឋមន្រ្តីរូបនេះ កំពុងឈរថ្លែងសុន្ទរកថាកំលុងយុទ្ធនាការ ស្វែងរកសំឡេងគាំទ្រឱ្យបេក្ខជននៃគណបក្សនយោបាយរបស់លោក សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នៅឯទីក្រុងណារ៉ា។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់បណ្តាញសារព័ត៌មានជប៉ុន លោក យ៉ាម៉ាហ្កាមិ បានចងគំនុំគំគួននឹងក្រុមសាសនា Unification Church ដែលបានធ្វើឱ្យគ្រួសារលោកធ្លាក់ខ្លួន ក្រោមហេតុផលថា អង្គការសាសនាមួយនេះ បានបោកបញ្ឆោតម្តាយលោកឱ្យបរិច្ចាគទ្រព្យសម្បត្តិ​​សរុបដល់ទៅខ្ទង់១០០លានយេន (ជិត៧៧៥,០០០ដុល្លារ) ហើយលោកបានទម្លាក់កំហុសលើលោក អាបេ ដែលបានជួយនិយាយផ្សព្វផ្សាយ​អំពីក្រុមសាសនា Unification Church៕