(ហ្សេរុយសាឡិម)៖ ប្រធានតុលាការកំពូលនៃប្រទេសអ៊ីស្រាអែល លោកស្រី អេសស្ទឺ ហាយុត (Esther Hayut) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា ផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដែលស្នើឡើងដោយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងកំទេចប្រព័ន្ធយុត្តិធម៌ និងធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

លោកស្រី ហាយុត បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ខាងលើនេះ ជាការឆ្លើយតបទៅនឹងផែនការរបស់លោក ណេតាន់យ៉ាហ៊ូ ដែលរួមមានការកំណត់ការសម្រេចរបស់តុលាការជាន់ខ្ពស់ ប្រឆាំងនឹងការផ្លាស់ប្តូររបស់រដ្ឋាភិបាលឬច្បាប់របស់សភា ខណៈដែលអ្នកនយោបាយបានបង្កើនការបញ្ចេញមតិជុំវិញការជ្រើសរើសចៅក្រម។

ពាក់ព័ន្ធនឹងផែនការនេះ លោកស្រី ហាយុត បានកត់សម្គាល់ក្នុងសុន្ទរកថាតាមទូរទស្សន៍ យ៉ាងដូច្នេះថា «នេះមិនមែនជាផែនការជួសជុលប្រព័ន្ធយុត្តិធម៌ទេ ប៉ុន្តែជាផែនការដើម្បីកំទេច។ វាជាដំណោះស្រាយដែលមានលក្ខណៈវាយប្រហារយ៉ាងធ្ងន់ធ្ងរចំពោះឯករាជ្យភាពរបស់ចៅក្រម និងសមត្ថភាពរបស់ពួកគេក្នុងការបម្រើសាធារណជន។ ដូច្នេះអត្ថន័យនៃផែនការនេះ គឺដើម្បីផ្លាស់ប្តូរអត្តសញ្ញាណប្រជាធិបតេយ្យរបស់ប្រទេសហួសពីការទទួលយកបាន»។

គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ ដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម្តងទៀតកាលពីខែធ្នូ ឆ្នាំ២០២២ បានប្រកាសថា លោកនឹងព្យាបាលឯករាជ្យភាពរបស់តុលាការ ស្របពេលដែលមេដឹកនាំជើងចាស់រូបនេះ កំពុងស្ថិតក្នុងដំណើរការកាត់ទោសពីបទចោទប្រកាន់អំពើពុករលួយ ដែលលោកបានបដិសេធ៕