(យូអិន)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភារកិច្ចគឺស្ថិតនៅលើប្រទេសកូរ៉េខាងជើងដើម្បីវិលត្រឡប់ទៅរកកិច្ចចរចា ដែលសំដៅរកការបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីនីតិរដ្ឋដឹកនាំដោយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៉ិម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) ប្រមុខ UN បានគូសបញ្ជាក់ថា «កម្មវិធីអាវុធនុយក្លេអ៊ែរខុសច្បាប់ដែលកំពុងដំណើរការដោយកូរ៉េខាងជើង គឺជាក់លាក់និងពិតជាគ្រោះថ្នាក់ណាស់សម្រាប់បច្ចុប្បន្ន ដែលនាំឲ្យហានិភ័យនិងភាពតានតឹងភូមិសាស្ត្រនយោបាយឡើងដល់កម្រិតថ្មី»។ លោក ហ្គូតឺរ៉េស បានបន្ថែមថា «ទំនួលខុសត្រូវរបស់កូរ៉េខាងជើងគឺអនុវត្តតាមកាតព្វកិច្ចអន្តរជាតិ ហើយត្រឡប់ទៅតុចរចាវិញ»

បេសកជនកូរ៉េខាងជើងរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការលើកឡើងរបស់លោក ហ្គូតឺរ៉េស នោះទេ។ ប៉ុន្តែកាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានចោទប្រកាន់លោក ហ្គូតឺរ៉េស ថាបានចូលដៃជាមួយសហរដ្ឋអាមេរិក ហើយមិនបានរក្សាភាពមិនលំអៀងនិងវត្ថុបំណងនៃស្ថាប័នអន្តរជាតិមួយនេះ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក លើកម្មវិធីនុយក្លេអ៊ែរនិងមីស៉ីលផ្លោងរបស់ខ្លួន។ ចាប់តាំងពីពេលនោះមកកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ ៦ភាគី រវាងកូរ៉េខាងជើង កូរ៉េខាងត្បូង ចិន សហរដ្ឋអាមេរិក រុស្ស៊ី និងជប៉ុនត្រូវបានបង្កើតឡើង។ កិច្ចចចារនេះបានជាប់គាំងក្នុងឆ្នាំ២០០៩៕