(មូស្គូ)៖ ក្រុមអ្នកវិភាគបាននិយាយថា ការផ្លាស់ប្តូររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយជំនួសមេបញ្ជាការកំពូលដើម្បីដឹកនាំសង្រ្គាមអ៊ុយក្រែននៅសប្តាហ៍នេះ គឺជាសញ្ញានៃភាពមិនចុះសម្រុងគ្នាខាងផ្នែកយោធា ហើយបង្ហាញថាលោកអស់ការអត់ធ្មត់នឹងកងទ័ពរុស្ស៊ីដែលមិនអាចយកឈ្នះសង្រ្គាមបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ថ្មីៗនេះក្រសួងការពារជាតិរុស្ស៉ីបានតែងតាំង លោក វ៉ាឡេរី ជឺរ៉ាស៉ីម៉ូវ (Valery Gerasimov) ជាអ្នកទទួលខុសត្រូវធ្វើសង្រ្គាមនៅអ៊ុយក្រែន ហើយមេបញ្ជាការចាស់ គឺលោក សឺហ្គៃ ស៊ូវូរីគីន នឹងក្លាយទៅជាអនុប្រធានរបស់ លោក ជឺរ៉ាស៉ីម៉ូវ វិញ ដែលត្រូវធ្វើការជាមួយឧត្តមសេនីយ៍ពីរនាក់ផ្សេងទៀត។ ក្រុមអ្នកសង្កេតការណ៍រុស្ស៊ី និងលោកខាងលិចបានលើកឡើងស្រដៀងគ្នាថា ទង្វើនេះគឺជាសញ្ញាមួយបង្ហាញថា លោក ពូទីន កាន់តែខឹងសម្បារចំពោះការតស៊ូរបស់អ៊ុយក្រែន ប៉ុន្តែក៏មានកំហុសនៅក្នុងចំណោមបញ្ជាការកងទ័ពរុស្ស៊ីផងដែរ ខណៈកំពុងប្រឈមនឹងការលំបាកក្នុងបំណងចង់ការបើកការវាយលុកដ៏ធំមួយលើអ៊ុយក្រែន ដែលអាចកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ការដាក់មេទ័ពម្នាក់ឲ្យទទួលបន្ទុកប្រតិបត្តិការវាយប្រហារផ្លូវគោកគឺមិនមែនជារឿងធម្មតានោះទេ ព្រោះក្រៅពីក្នុងពីការដឹកនាំយុទ្ធសាស្រ្តនៅសមរភូមិហើយនោះ ក៏នៅមានកិច្ចការសម្របសម្រួល ទំនាក់ទំនងនយោបាយ ការវាយតម្លៃលើការគំរាមកំហែង និងគ្រប់គ្រងស្តុកអាវុធផងដែរ៕