(ប្រាស៊ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៉ីណាស្យូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយថាសមាជិកកងកម្លាំងសន្តិសុខមួយចំនួន បានសមគំនិតបណ្ដោយឱ្យក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរបស់លោកចូលអុកឡុកអគាររដ្ឋាភិបាល តុលាការកំពូល និងសភាជាតិក្នុងទីក្រុងបាស៊ីលីយ៉ា ហើយសន្យាថានឹង បោសសម្អាតមនុស្សដែលមានភក្ដីភាពជាមួយអតីតប្រធានាធិបតី ហ្សាអៀ បុលសូណារ៉ូ ចេញពីកងកម្លាំងសន្តិសុខប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។​

លោក លូឡា ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់លោកឱ្យដឹងថាការស៊ើបអង្កេតមួយកំពុង ធ្វើឡើងដើម្បីស្វែងរកមុខអ្នកទទួលខុសត្រូវ ដែលបណ្ដោយឱ្យក្រុមអ្នកគាំទ្រលោក បុលសូណារ៉ូ សម្រុកចូលអុកឡុក និងបង្កការបំផ្លិចបំផ្លាញក្នុងវិមានប្រធានាធិបតី។

នៅចំពោះមុខអ្នកសារព័ត៌មាន លោក លូឡា បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សជាច្រើនដែលបានសមគំនិត ហើយពួកគេស្ថិតនៅក្នុងចំណោមកងកម្លាំងសន្តិសុខ... ខ្ញុំជឿថាទ្វារវិមានប្រធានាធិបតីត្រូវបានបើកចំហ ឱ្យមនុស្សទាំងនោះចូល ពីព្រោះខ្ញុំមិនបានឃើញថាទ្វាររងការខូចខាតអ្វីនោះទេ»។ លោក លូឡា ក៏បានបង្កើនការរិះគន់ លើយោធាប្រេស៊ីលផងដែរ ថាមិនបានធ្វើអ្វីទាល់តែសោះដើម្បីទប់ស្កាត់អ្នកគំាទ្រលោក បុលសូណារ៉ូ។

គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្រលោក បុលសូណារ៉ូ ធ្លាប់បានអំពាវនាវឱ្យមានការធ្វើរដ្ឋប្រហារយោធាទម្លាក់លោក លូឡា ចេញពីអំណាច ហើយបើកផ្លូវឱ្យលោក បុលសូណារ៉ូ ត្រឡប់មកកាន់តំណែងជាប្រធានាធិបតីសាជាថ្មី មុននឹងធ្វើបាតុកម្មអុកឡុកវិមានប្រធានាធិបតី តុលាការកំពូល និងសភាជាតិប្រេស៊ីលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕