(តូក្យូ)៖ ពូបង្កើតរបស់ឃាតក ដែលធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយថាក្មួយរបស់លោកសង្ឃឹមថាអាចនឹងបានចូលរៀន សាកលវិទ្យាល័យ នៅពេលបានចេញពីពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK​ នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ជនជាប់ចោទ លោក យ៉ាម៉ាហ្កាមិ តេស៊ូយ៉ា (Yamagami Tetsuya) ធ្លាប់បាននិយាយថារូបលោកមិនអាចចូលរៀនសាកលវិទ្យាល័យបាន ដោយសារតែម្ដាយរបស់លោក បានបរិច្ចាគទ្រព្យសម្បត្តិឱ្យអង្គការសាសនា Unification Church។ យ៉ាម៉ាហ្កាមិ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថាបានចងគំនុំនឹងអង្គការសាសនា Unification Church ហើយបានធ្វើឃាតលោក អាបេ កាលពីខែកក្កដា ឆ្នាំ២០២២ នៅឯទីក្រុងណារ៉ា ដោយសារតែដឹងថាលោក អាបេ មានទំនាក់ទំនងជាមួយ អង្គការសាសនាមួយនេះ។

គួរបញ្ជាក់ថា ពូបង្កើតរបស់ជនឈ្មោះយ៉ាម៉ាហ្កាមិ ក៏បានអះអាងដែរថាលោកផ្ទាល់បានស្នើសុំទៅកាន់ក្រុមមេធាវី ឱ្យជួយធ្វើយ៉ាងណាបង្វិលប្រាក់ដែលម្ដាយរបស់ យ៉ាម៉ាហ្កាមិបានបរិចាគត្រឡប់មកវិញ។ ប៉ុន្តែ ម្ដាយរបស់ជនជាប់ចោទរូបនេះត្រូវបានគេរាយការណ៍ថាបានសូមទោសទៅកាន់ក្រុមសាសនាខាងលើ ដោយបញ្ជាក់ថាមិន មានបំណងចង់បានប្រាក់មកវិញទេ។ យ៉ាម៉ាហ្កាមិ តេស៊ូយ៉ា មិនទាន់ត្រូវបានផ្ដន្ទាទោសនៅឡើយទេ ហើយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខាងរដ្ឋអាជ្ញាជប៉ុនបានឱ្យដឹងថា ជនជាប់ចោទរូបនេះមានសុខភាពផ្លូវចិត្តដែលអាចឡើងសវនាការបាន៕