(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់ ឱ្យដឹកនាំការស៊ើបអង្កេតលើ ការរក្សាទុកឯកសារសម្ងាត់នៅឯផ្ទះ និងអតីតការិយាល័យរបស់លោក បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ការបើកការស៊ើបអង្កេតខាងលើគឺជារឿងមួយដ៏អាស្រូវសម្រាប់លោក ចូ បៃដិន ពីព្រោះថាលោកផ្ទាល់ធ្លាប់បានរិះគន់ឥតសំច្ចៃមាត់លើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រឿងលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក មឺរីគ ហ្កាលែន (Merrick Garland​) បាននិយាយថាលោក រ៉ូបឺត ហួរ (Robert Hur) ដែលធ្លាប់បានបម្រើការជារដ្ឋអាជ្ញាសហព័ន្ធជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋម៉ារីលែន (Maryland) នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានតែងតាំងជា រដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតថាតើឯកសារសម្ងាត់ដែលត្រូវបានគេរកឃើញនៅឯផ្ទះរបស់លោក ចូ បៃដិន ក្នុងរដ្ឋ Delaware និងអតីតការិយាល័យរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានរក្សាទុកដោយខុសច្បាប់ដែរឬទេ ហើយថាតើមានមនុស្ស ឬអង្គភាពណាមួយដែលបានបំពានច្បាប់ដែរឬក៏យ៉ាងណា?

គួរបញ្ជាក់ថា ឯកសារសម្ងាត់ដែលត្រូវបានគេរកឃើញនៅឯផ្ទះរបស់លោក ចូ បៃដិន ក្នុងរដ្ឋ Delaware និងអតីតការិយាល័យរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ គឺជាឯកសារតាំងតែពីនៅពេលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតីអាមេរិក នៅក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា៕