(មូស្គូ)៖ រុស្ស៊ីបានចោទសួរនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះថា តើស៊ុយអែតមាន «អ្វីដែលត្រូវលាក់បាងំ» ជុំវិញការបំផ្ទុះដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុនដែរឬទេ? ខណៈដែលខ្លួនបានរិះគន់ទីក្រុង Stockholm ចំពោះការមិនចែករំលែកព័ត៌មាននៅក្នុងការស៊ើបអង្កេត ដែលកំពុងបន្តលើករណីបំផ្ទុះនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

អាជ្ញាធរស៊ុយអែត និងដាណឺម៉ាកកំពុងស៊ើបអង្កេតរន្ធចំនួន០៤ នៃបំពង់បង្ហូរ Nord Stream ទី១ និងទី២ ដែលតភ្ជាប់រុស្ស៊ី និងអាល្លឺម៉ង់ តាមសមុទ្របាល់ទិក ហើយបានក្លាយជាចំណុចសំខាន់ក្នុងវិបត្តិអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយថា ការបដិសេធរបស់ប្រទេសស៊ុយអែត ក្នុងការចូលរួមជាមួយរដ្ឋអាជ្ញារុស្ស៊ីជាការភ័ន្តច្រឡំ ហើយបាននិយាយថា ទីក្រុងមូស្គូមានសិទ្ធិដឹងពីព័ត៌មានលម្អិត នៃការស៊ើបអង្កេតលើការបផ្ទុះដែលបានកើតឡើងកាលពីខែកញ្ញាឆ្នាំមុន។

ទីក្រុងមូស្គូបានស្នើទៅទីក្រុង Stockholm ឱ្យមានការស៊ើបអង្កេតរួមគ្នាលើករណីបំផ្ទុះ ដែលអាចនាំឱ្យមានការបញ្ឈប់ជាអចិន្ត្រៃយ៍ នៃការប្រើប្រាស់បំពង់បង្ហូរឧស្ម័នចំនួន៣ ក្នុងចំណោម៤ នៃគម្រោងឧស្ម័ន Nord Stream ទី១ និងទី២។ ប៉ុន្តែ​ស៊ុយអែត និង​ដាណឺម៉ាក​បាន​ច្រានចោល​នូវសំណើនេះ។

ប្រទេសស៊ុយអែត និងក្រុមអ្នកស៊ើបអង្កេតអឺរ៉ុបផ្សេងទៀត និយាយថា ការវាយប្រហារនេះធ្វើឡើងក្នុងគោលបំណង ប៉ុន្តែពួកគេមិនបាននិយាយថា អ្នកណាដែលពួកគេគិតថាជាអ្នកទទួលខុសត្រូវនោះទេ។ ទីក្រុងមូស្គូដោយមិនផ្តល់ភស្តុតាងបានស្តីបន្ទោស ការបំផ្ទុះនេះទៅលើការបំផ្លិចបំផ្លាញរបស់លោកខាងលិច៕