(ប៉េកាំង)៖ មនុស្ស៥នាក់បានបាត់បង់ជីវិត និង១៣នាក់បានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បានបង្កើនល្បឿនបើកបំបុក ហ្វូងមនុស្សដែលកំពុងដើរឆ្លង ចំណុចផ្លូវប្រសព្វដ៏មមាញញឹកមួយកន្លែង ស្ថិតក្នុងទីក្រុងក្វាងចូវ (Guangzhou) នៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Global Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា អ្នកបើកបររថយន្តបង្ក ដែលជាបុរសវ័យ២២ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅក្រោយហេតុការណ៍ដ៏រន្ធត់ខាងលើ ដែលបានកើតឡើងកាលពីពុធ នៅខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន។ បើតាមសារព័ត៌មានចិន CGTN អាជ្ញាធរក្នុងតំបន់កំពុងស៉ើបអង្កេតជុំវិញករណីនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះវិញ រថយន្តមួយគ្រឿងបានបើកចូលសណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងសៀងហៃនៃប្រទេសចិន ហើយបានបង្កការបំផ្លិចបំផ្លាញមួយចំនួន ប៉ុន្តែហាក់មិនមានបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។ យោងតាម​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហេតុការណ៍នោះកើតឡើង បន្ទាប់ពីភ្ញៀវម្នាក់មានជម្លោះទាស់ទែងជាមួយ អ្នកគ្រប់គ្រងរបស់សណ្ឋាគារ៕