(ប៉េកាំង)៖ ពីថ្ងៃទី៩ដល់ថ្ងៃទី១០ខែមករា គណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានបើកធ្វើសន្និសីទពេញអង្គលើកទី២ ។ លោក XiJinpingអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី២នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកម្មុយនីស្តចិនអាណត្តិទី២០។

លោកបានគូសបញ្ជាក់ថា ត្រូវឈរលើមូលដ្ឋាននៃការកាន់អំណាច រយៈពេលយូររបស់បក្ស ស្ថិរភាពនិងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ និងសុភមង្គលនិងសុខដុមរមនារបស់ប្រជាជន ដើម្បីចាត់ទុកការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររយៈពេលយូរ ប្រកាន់ខ្ជាប់នូវការចង្អុលបង្ហាញពីទិសដៅនៃបញ្ហា រក្សាភាពនឹងនរខាងយុទ្ធសាស្ត្រ ដើម្បីជំរុញឱ្យសមាជិកបក្សនិងកម្មភិបាលទាំងឡាយ មានភាពសកម្ម ភាពម្ចាស់ការនិងភាពឆ្នៃប្រឌិត បង្កបរិយកាសដ៏រស់រវើកសម្រាប់ការធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរថ្មី និងបង្កើតសមិទ្ធផលក្នុងយុគសម័យថ្មី។

សន្និសីទលើកនេះបានរៀបចំចាត់ចែងការងារត្រួតពិនិត្យវិន័យនិងអធិការកិច្ចពី៨ វិស័យ ក្នុងនោះបូករួមទាំងការងារពាក់ព័ន្ធនឹងការពង្រឹង ការងារត្រួតពិនិត្យខាងនយោបាយក្នុងការអនុវត្ត ការរៀបចំចាត់ចែងយុទ្ធសាស្ត្រសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ការងារជំរុញប្រព័ន្ធច្បាប់កំណត់នៃការធ្វើបដិវត្តន៍ ចំពោះខ្លួនឯងរបស់បក្សកុម្មុយនីស្តចិនមានសុក្រឹតភាព ការពង្រីកតួនាទីរបស់ការងារចុះត្រួតពិនិត្យខាងនយោបាយ ការបង្កើនកិច្ចកសាងវិន័យបក្សដោយគ្រប់ជ្រុងជ្រោយ និងយកជ័យជម្នះលើយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងមុតមាំជាដើម ។

សន្និសីទបានគូសបញ្ជាក់ថា ត្រូវធ្វើកិច្ចសហប្រតិបតិ្តការប្រឆាំងអំពើពុករលួយអន្តរជាតិ ឱ្យបានកាន់តែស៊ីជម្រៅ បន្តធ្វើសកម្មភាពសំខាន់ៗដៅចំពោះឧក្រិដ្ឋជន ដែលរត់ចេញទៅកាន់បរទេស ក្នុងន័យបង្កើតជាយន្តការមួយ ដែលអាចតាមប្រម៉ាញ់ឧក្រិដ្ឋជន បង្ការកុំឱ្យឧក្រិដ្ឋជនរត់ចេញ និងដកហូតទ្រព្យសម្បតិ្តលើ្មសច្បាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន