(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ទី១១ ខែមករានេះបានតែងតាំងមេទ័ពកំពូល​រុស្ស៉ីម្នាក់ គឺលោកឧត្ដមសេនីយ៍ Valery Gerasimov ជាមេបញ្ជាការថ្មីដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ លោក Gerasimov ដែលបានឡើងកាន់តំណែងជានាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ចាប់តាំងពី ឆ្នាំ២០១២មក នឹងត្រូវជំនួសតំណែងលោកឧត្តមសេនីយ៍ Sergey Surovikin ដែលត្រូវបានលោក ពូទីន តែងតាំងជាមេបញ្ជាការកងទ័ពរុស្ស៉ីនៅអ៊ុយក្រែន កាលពី ខែតុលា ឆ្នាំ២០២២ ហើយលោក Surovikin ត្រូវបានទម្លាក់តំណែងមកជា «មេបញ្ជាការរង» វិញ។

ការតែងតាំងលោក Gerasimov កើតមានឡើងនៅចំពេលរុស្ស៉ី កំពុងព្យាយាមធ្វើឱ្យសង្រ្គាមរបស់ខ្លួនត្រឡប់មករកស្ថិរភាពឡើងវិញ បន្ទាប់ពីបរាជ័យជាច្រើនលើកនៅ ឯសមរភូមិនាពេលកន្លងមកនេះ និងខណៈទាហានស៊ីឈ្នួលរុស្ស៉ីអះអាងពីការកាន់កាប់ទាំងស្រុងលើទីក្រុងរ៉ែអំបិល Soledar ស្ថិតនៅក្នុងតំបន់ដូណេត ភាគខាងកើត នៃប្រទេសអ៊ុយក្រែន។ បើជាការពិតមែន នោះវានឹងក្លាយជាជ័យជម្នះដ៏សំខាន់មួយរបស់រុស្ស៉ី ចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។

*តើលោក Valery Gerasimov ជានរណា?

លោក Valery Gerasimov មានអាយុ ៦៧ឆ្នាំ បានចូលរួមក្នុងជួរយោធាអតីតសហភាពសូវៀតនៅឆ្នាំ១៩៧៧ ដោយបានក្លាយជាសមាជិកនៃកម្លាំង Northern Group of Forces ឈរជើងនៅក្នុងប្រទេសប៉ូឡូញ។ ក្រោយមកទៀត លោកបានបម្រើការនៅក្នុងអង្គភាពយោធាភូមិចុងបូព៌ា និងតំបន់បាល់ទិក មុននឹងក្លាយជា នាយសេនាធិការកងទ័ពប្រចាំភូមិភាគតំបន់ Caucasus ភាគខាងជើង នៅឆ្នាំ១៩៩៩ ហើយមុននឹងសង្រ្គាមក្នុងតំបន់ឆេឆេនីលើកទី២ ផ្ទុះឡើងក្នុងឆ្នាំដដែល។

លោក Gerasimov ត្រូវបានតែងតាំងជានាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ីចាប់តាំងពីឆ្នាំ២០១២មក ហើយបើតាមសារព័ត៌មាន Financial Times លោកបានរៀបការដោយចំណងដៃកូនប្រុសម្នាក់។ លោក Gerasimov កើតនៅឆ្នាំ១៩៥៥ ក្នុងត្រកូលគ្រួសារមានជីវភាពមធ្យម នៅទីក្រុងកាហ្សាន់ (Kazan) ស្ថិតនៅ ចម្ងាយ ៨០០គីឡូម៉ែត្រពីទីក្រុងមូស្គូ។ លោក Gerasimov ត្រូវបានបញ្ចូលឈ្មោះនៅក្នុងបញ្ជីជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដោយសារតែ រុស្ស៉ីក្រសោបយកតំបន់គ្រីមៀរបស់អ៊ុយក្រែន កាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា លោក Gerasimov ក៏ដូចគ្នាទៅនឹងរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu ផងដែរដោយសុទ្ធតែកំពុងទទួលរងការរិះគន់ពីក្រុមអ្នកសរសេរ ប្លុកយោធារុស្ស៉ីដែលគាំទ្រសង្រ្គាមនៅអ៊ុយក្រែន ជុំវិញបរាជ័យរបស់កងទ័ពរុស្ស៉ី៕

ប្រភព៖ The Hill