(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយថា ប្រទេសរបស់លោកអាចនឹងបំពាក់ឱ្យខ្លួនឯង នូវអាវុធនុយក្លេអ៊ែរតាក់ទិច ឬមួយឈានដល់មាន អាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំតែម្តង ប្រសិនបើភាពតានតឹងទាក់ទងជាមួយ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្តធ្ងន់ធ្ងរឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

កំលុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃពុធសប្តាហ៍នេះ លោក យូន បានលើកឡើងដូច្នេះថា «ប្រសិនបើបញ្ហានុយក្លេអ៊ែររបស់​កូរ៉េខាងជើងកាន់តែធ្ងន់ធ្ងរខ្លាំងឡើង នោះកូរ៉េខាងត្បូងអាចនឹងដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិចខ្នាតតូចៗ ឬមួយឈានដល់​មានអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំផ្ទាល់ខ្លួនតែម្តង។ ប្រសិនបើត្រូវធ្លាក់ដល់ស្ថានភាពបែបនោះមែន វានឹងមិនប្រើពេលយូរឡើយ ជាមួយភាពជឿនលឿននៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់យើង គឺពួកយើងអាចនឹងមានអាវុធនុយក្លេអ៊ែរក្នុងពេលយ៉ាងឆាប់រហ័ស»

គួរបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងខ្លាំង កាលពីក្នុងឆ្នាំ២០២២ ដោយកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីល ក្នុងចំនួនច្រើនមិនធ្លាប់មានឡើយ ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ខ្លាំងបំផុតរបស់ខ្លួន គឺ Hwasong-17 ថែមទៀតផង។ មិនតែប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាងក៏បានតម្កល់សិទ្ធិប្រើអាវុធនុយក្លេអ៊ែរទៅក្នុងច្បាប់ជាផ្លូវការផងដែរ។ ប្រការនេះបានធ្វើឱ្យ ទីក្រុងសេអ៊ូលកើតក្តីបារម្ភជាខ្លាំង ដែលឥឡូវកំពុងព្យាយាមពង្រឹងសម្ព័ន្ធយោធាជាមួយសហរដ្ឋអាមេរិក និង​បង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៉ីជម្រៅជាមួយជប៉ុន៕