(មីនស្កិ៍)៖ អ្នកនយោបាយមួយរូបដែលមានជំហរប្រឆាំង និងបានប្រឡងប្រជែងជាមួយមេដឹកនាំបេឡារុស លោក អាន់សាន់ដឺ លូកាសិនកូ ក្នុងការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០២០ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

សមាជិកនៃក្រុមរបស់អ្នកនយោបាយរូបនោះ បានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា លោក អាន់ដ្រេ ឌីមីទ្រីវ (Andrei Dmitriev) អាយុ ៤១ឆ្នាំ ជាសកម្មជនដែលដឹកនាំចលនាសង្គមប្រឆាំងលោក លូកាសិនកូ ត្រូវបានឃាត់ខ្លួន ក្នុងរដ្ឋធានីមីនស្កិ៍ (Minsk) កាលពីថ្ងៃពុធសប្តាហ៍នេះ។ ហើយចំពោះមូលហេតុ​នៃ​ការ​ឃុំខ្លួន​​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ។ ចំណែកអាជ្ញាធរបេឡារុសមិនបានឆ្លើយតបចំពោះការសុំអត្ថាធិប្បាយជុំវិញការចាប់ខ្លួននេះ។

គួរបញ្ជាក់ថា លោក ឌីមីទ្រីវ ទទួលបានការគាំទ្រជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ជាមួយនឹងសំលេង ១.២%។ លោក លូកាសិនកូ Lukashenko ដែលកាន់អំណាចតាំងពីឆ្នាំ១៩៩៤ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនោះ ក្រោយពីមានការអះអាងពីការបន្លំបោះឆ្នោត និងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរទៅលើក្រុមប្រឆាំង ពីសំណាក់អាជ្ញាធរដែលស្មោះត្រង់នឹងលោក លូកាសិនកូ។ កាលនោះ ការប្រកាសរបស់លោកអំពីជ័យជម្នះលើបេក្ខជននាំមុខ នៃគណបក្សប្រឆាំង គឺលោកស្រី ស្វេតឡាណា ទីខានូវស្កាយ៉ា (Svetlana Tikhanovskaya) បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំរយៈពេលជាច្រើនសប្តាហ៍៕