(វ៉ាស៉ីនតោន)៖ ក្នុងសប្តាហ៍នេះមានសេចក្តីប្រកាសថា បេសកកម្មរបស់ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) បានរកឃើញ ភពក្រៅប្រព័ន្ធព្រះអាទិត្យ ឬភពអេលៀន (Exoplanet) ដែលគួរឱ្យចាប់អារម្មណ៍ថ្មីមួយទៀត ស្ថិតនៅចម្ងាយប្រហែល១០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ពីប្រព័ន្ធព្រះសូឡារបស់យើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

ភពខាងលើមានឈ្មោះស្គាល់ថា TOI 700 e ដែលទំនងជាភពប្រភេទថ្មដូចផែនដី និងមានទំហំប្រហែល ៩៥ភាគរយនៃភពរបស់យើង។ វាគឺជាភពទី៤ ដែលត្រូវបានប្រទះឃើញ នៅគោចរជុំវិញផ្កាយតូចមួយ ហៅថា TOI 700 ជាផ្កាយប្រភេទ Red Dwarf។ រីឯព្រះអាទិត្យ​របស់យើងវិញ គឺជាផ្កាយប្រភេទ Yellow Dwarf។

ភពមួយទៀតនៃប្រព័ន្ធផ្កាយខាងលើ មានឈ្មោះថា TOI 700 d ដែលត្រូវបានរកឃើញកាលពីឆ្នាំ២០២០ ក៏មានទំហំស្មើផែនដីដែរ។ ភព TOI 700 e តូចជាង TOI 700 d ១០ភាគរយ។ ភពទាំងពីរសុទ្ធតែស្ថិតនៅតំបន់អំណោយផល ហៅថា Habitable Zone នៃផ្កាយរបស់ពួកវា ជាគម្លាតដ៏សមស្របមួយ ដែលអនុញ្ញាត​ឱ្យទឹកអាចវត្តមានក្នុងទម្រង់រាវនៅលើផ្ទៃភពទាំងនេះ។ លទ្ធភាពនៃវត្តមានទឹករាវក៏មានន័យថា ពួកវាផ្ទាល់ប្រហែលជាអាចទ្រទ្រង់​ជីវិត ឬក៏ធ្លាប់អាចទ្រទ្រង់ទម្រង់ជីវិត កាលពីអតីតកាលផងដែរ។

គួរបញ្ជាក់ថា សម្រាប់ភព២ទៀតនៃប្រព័ន្ធផ្កាយរណប TOI 700 គឺមួយឈ្មោះ TOI 700 b ដែលស្ថិតនៅកៀកផ្កាយវាជាងគេ និងមានទំហំស្មើ ៩០ភាគរយនៃទំហំផែនដី ហើយគោចរជុំវិញផ្កាយ TOI 700 បានមួយជុំ ជារៀងរាល់១០ថ្ងៃ (គិតតាមពេលវេលាលើផែនដី)។ មួយទៀតគឺភព TOI 700 c ដែលធំជាងផែនដី២.៥ដង។ វាធ្វើគោចរបានមួយជុំជុំវិញផ្កាយ TOI 700 រៀងរាល់១៦ថ្ងៃ។

ភពទាំងពីរនេះត្រូវគេជឿថា ធ្វើដំណើរជុំវិញផ្កាយពួកវា ក្នុងស្ថានភាពដូចព្រះចន្ទធ្វើដំណើរជុំវិញភពយើងយ៉ាងដូច្នេះ ពោលគឺពួកវាគោចរក្នុងលក្ខណៈ ដែលផ្ទៃតែមួយចំហៀងប៉ុណ្ណោះរបស់ភពទាំងពីរ បែរទៅរកផ្កាយ TOI 700។ ចំណែកភព TOI 700 d និង TOI 700 e គឺមិនបែបនោះឡើយ ហើយចំណាយពេលច្រើនថ្ងៃជាង ដើម្បីគោចរបានមួយជុំៗ គឺ TOI 700 d ប្រើ៣៧ថ្ងៃ និង TOI 700 e ប្រើ ២៨ថ្ងៃ។ ភពទាំង៤នេះ ក៏ដូចជាភពក្រៅប្រព័ន្ធព្រះអាទិត្យដទៃៗទៀតដែរ គឺត្រូវបានរកឃើញតាមរយៈ ការពិនិត្យទៅលើទិន្នន័យអង្កេតចក្រវាឡ ដែលបានមកពីកែវយឺតអវកាសឈ្មោះថា TESS របស់ NASA៕