(មូស្គូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួននឹងបញ្ជូនយានអវកាស សូយូស (Soyuz) ១គ្រឿងទៀតនៅខែកុម្ភៈ ដើម្បីទៅនាំយកអវកាសយានិករុស្ស៉ី២នាក់ ព្រមទាំងអវកាសយានិកអាមេរិកម្នាក់ ពីស្ថានីយអវកាសអន្តរជាតិ ​ISS ត្រឡប់ចុះមកផ្ទៃផែនដីវិញ បន្ទាប់យានអវកាសដើម ដែលពួកគេជិះធ្វើដំណើរទៅទីនោះ បានជួបបញ្ហាលេចធ្លាយកាលពីខែធ្នូ ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

លោក យូរី បូរីសូវ (Yuri Borisov) ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូកូសម៉ូស (Roscosmos) បាននិយាយថា យានអវកាសថ្មី Soyuz MS-23 នឹងត្រូវបញ្ជូនឡើងទៅស្ថានីយ ISS នៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីបម្រើជាមធ្យោបាយដឹកជញ្ជូន ក្រុមអវកាសយានិកនៅទីនោះ ត្រឡប់មកវិញ ជំនួសយាន Soyuz MS-22 ដែលបានជួបបញ្ហា។ យាន MS-22 នឹងត្រូវបញ្ជាចុះមកផ្ទៃផែនដីវិញ ដោយគ្មានមនុស្ស។ បើតាមទីភ្នាក់ងារអវកាសរុស្ស៉ី ការលេចធ្លាយនៃយាន MS-22 មានទំហំក្រោម១មីលីម៉ែត្រឡើយ និងបង្កឡើងដោយ​កម្ទេចថ្មអវកាសដ៏តូចមួយ។

គួរបញ្ជាក់ថា អវកាសយានិករុស្ស៉ី លោក សឺហ្គៃ ប្រូកូពយ៉េវ (Sergey Prokopyev) និងលោក ឌីមីទ្រី ប៉េតេលីន (Dmitry Petelin) រួមទាំងអវកាសយានិកអាមេរិក លោក ហ្រ្វាន់ស៉ីស្កូ រូប៊ីអូ (Francisco Rubio) ដំបូងឡើយត្រូវបញ្ចប់បេសកកម្មរបស់ពួកគេ នៅក្នុង​ខែមីនា ប៉ុន្តែឥឡូវនឹងត្រូវអូសបន្លាយបន្ថែមប៉ុន្មានខែទៀត មុនត្រឡប់មកវិញតាមរយៈយានអវកាស MS-23។ យាន MS-23 ត្រូវបានរុស្ស៉ីគ្រោងសម្រាប់នាំ ក្រុមអវកាសយានិកថ្មី ឡើងទៅស្ថានីយ ISS នៅខែមីនា ប៉ុន្តែនាពេលនេះនឹងត្រូវប្រើប្រាស់ជា​បេសកកម្មជួយសង្រ្គោះ ដោយពុំមានមនុស្សវិញ នៅខែក្រោយ៕