(អូតាវ៉ា)៖ ការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានឱ្យដឹងថា កាណាដានឹងទិញប្រព័ន្ធការពារដែនអាកាស NASAMS ដែលផលិត​ដោយសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱ្យទៅអ៊ុយក្រែន បន្ទាប់ពីមេដឹកនាំកាណាដានិងអាមេរិក បានជួបពិភាក្សាគ្នាក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៉ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំតំបន់អាមេរិកខាងជើង ហើយនៅទីនោះ លោក ទ្រូដូ បានប្រាប់លោក បៃដិន អំពីការទិញប្រព័ន្ធ NASAMS ក្នុងកិច្ចពិភាក្សាដាច់ដោយឡែកមួយរវាងអ្នកទាំងពីរ ជុំវិញការផ្តល់ការគាំទ្រដល់អ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។

ក្រោយសេចក្តីប្រកាសខាងលើ រដ្ឋមន្រ្តីការពារជាតិកាណាដា លោកស្រី អានីតា អាណាន (Anita Anand) បាននិយាយថា នេះជា​លើកទីមួយ នៃការបរិច្ចាគប្រព័ន្ធការពារដែនអាកាស ពីកាណាដាឱ្យដល់អ៊ុយក្រែន។ NASAMS គឺជាប្រព័ន្ធការពារដែនអាកាស​រយៈចម្ងាយខ្លីនិងមធ្យម ដែលអាចការពារប្រឆាំងដ្រូន មីស៉ីល និងយន្តហោះចម្បាំង ជាដើម។

គួរបញ្ជាក់ថា ការបរិច្ចាគខាងលើរបស់កាណាដា មានតម្លៃខ្ទង់៤០៦លានដុល្លារកាណាដា ឬស្មើនឹង៣០២.៦លានដុល្លារអាមេរិក និងបន្ថែមពីលើជំនួយ៥០០លានដុល្លារកាណាដា (ជាង៣៧០លានដុល្លារអាមេរិក) ដែលទីក្រុងអូតាវ៉ាបានសន្យាចំពោះទីក្រុងកៀវ កាលពីខែវិច្ឆិកា ឆ្នាំមុន។ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ កាណាដាបានប្រកាសផ្តល់ជំនួយយោធាសរុបជាង ១ពាន់លានដុល្លារកាណាដា (ជិត៧៥០លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន៕