(មូស្គូ)៖ រុស្ស៊ី បានបញ្ជាឲ្យឧត្តមសេនីយ៍កំពូលមួយរូបទៀត ចូលដឹកនាំសង្រ្គាមនៅអ៊ុយក្រែន ដែលនេះជាការរុះរើដ៏ធំបំផុតក្នុងរចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងសមរភូមិជាច្រើនខែកន្លងមកនេះ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានតែងតាំងនាយអគ្គសេនាធិការយោធាមួយរូប គឺ លោក វ៉ាឡេរី ហ្គេរ៉ាស៉ីម៉ូវ (Valery Gerasimov) ជាមេបញ្ជាការថ្មីនៃកងទ័ពរុស្ស៉ីទាំងអស់ដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ថា «ការកើនឡើងនៃកម្រិតនៃភាពជាអ្នកដឹកនាំនៃប្រតិបត្តិការយោធាពិសេស គឺត្រូវបានផ្សារភ្ជាប់ទៅនឹង ការពង្រីកទំហំភារកិច្ច។ តម្រូវការនេះត្រូវរៀបចំឲ្យកាន់តែដិតដល់ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចម្រុះ និងធ្វើឲ្យប្រសើរឡើងនូវគុណភាព ប្រសិទ្ធភាពនៃការគ្រប់គ្រង របស់រុស្ស៊ី»។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរថ្មីនេះមិនត្រឹមតែដើម្បីឲ្យលោក ហ្គេរ៉ាស៉ីម៉ូវ ទទួលខុសត្រូវដោយផ្ទាល់ចំពោះជោគវាសនានៃយុទ្ធនាការនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានសបញ្ជាក់អំពីការទម្លាក់ពីតំណែងឧត្តមសេនីយ៍ ដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីដាក់រហស្សនាមថាជាមេបញ្ជាការសង្រ្គាមប្រល័យលោក គឺលោក សឺហ្គេ ស៊ូវូរីគីន (Sergey Surovikin) ដែលត្រូវបានទម្លាក់តំណែងមកជា«បញ្ជាការរង» របស់លោក ហ្គេរ៉ាស៉ីម៉ូវ៕