(កៀវ)៖ ប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៊ី Wagner Group នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា កងកម្លាំងរបស់ខ្លួនសម្រេចបាន «ការរំដោះ» ទាំងស្រុងនូវទីក្រុងរ៉ែអំបិល សូឡេដា (Soledar) ដែលស្ថិតភាគខាងកើតអ៊ុយក្រែន ដោយបានសម្លាប់ទាហានអ៊ុយក្រែនប្រហែល ៥០០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

លោក យ៉េវហ្កេនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កងកម្លាំងរបស់ខ្លួនបាន គ្រប់គ្រងលើទីក្រុង Soledar ប៉ុន្តែការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងកណ្តាលទីក្រុង។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក ព្រីហ្គូហ្ស៉ីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ ពីការរំដោះ និងការបោសសម្អាតពេញលេញលើទឹកដីនៃទីក្រុង Soledar នោះគឺទាហានអ៊ុយក្រែនដែលមិនចង់ចុះចាញ់ត្រូវបានសម្លាប់។ កងកម្លាំង Wagner បានសម្លាប់ ទាហានអ៊ុយក្រែនប្រហែល ៥០០នាក់។ ទីក្រុងទាំងមូលត្រូវបានទុកចោលដោយសាកសពទាហានអ៊ុយក្រែន»។ ការអះអាងនេះធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ មុននឹងលោក ហ្សេលេស្គី ច្រានចោលការលើកឡើងរបស់រុស្ស៉ី ហើយថាការវាយប្រយុទ្ធគ្នានៅតែបន្តនៅឡើយ។

គួរបញ្ជាក់ថា សូឡេដា (Soledar) គឺជាទីក្រុងតូចមួយសម្បូរដោយរ៉ែអំបិល ស្ថិតនៅចម្ងាយ១៥គីឡូម៉ែត្រ ពីទីក្រុង បាកមូត (Bakhmut) ហើយការដណ្ដើមបានទីក្រុង មួយនេះនឹងក្លាយជា និមិត្តរូបមួយដ៏សំខាន់ទាំងយោធា និងពាណិជ្ជកម្មសម្រាប់រុស្ស៉ី៕