(មីនស្ក៍)៖ ក្រសួងការពារជាតិនៃប្រទេសបេឡារុស បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា កងកម្លាំងការពារដែនអាកាសរួមរុស្ស៊ី-បេឡារុស កំពុងត្រូវបានពង្រឹងជាមួយការបង្កើន ចំនួនកងទ័ព និងអាវុធ ខណៈអង្គភាពមីស៉ីលថ្មីមួយត្រូវបានដាក់ឱ្យទទួលភារកិច្ចប្រយុទ្ធ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែនធ្លាប់បានព្រមានម្តងហើយម្តងទៀតថា លោក ពូទីន អាចព្យាយាមប្រើទឹកដីបេឡារុសដើម្បីបើកការឈ្លានពានថ្មី មកលើអ៊ុយក្រែនចេញពីភាគខាងជើង។ ក្រសួងការពារជាតិបេឡារុស បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ខ្លីមួយថា «អង្គភាពមីស៉ីលប្រឆាំងយន្តហោះចម្បាំង ត្រូវបានដាក់ពង្រាយទៅដល់តំបន់ដែលបានកំណត់ រួចជាស្រេច ដើម្បីទទួលភារកិច្ចប្រយុទ្ធ»។ រុស្ស៉ី និងបេឡារុស គ្រោងក៏នឹងធ្វើសមយុទ្ធតាមផ្លូវអាកាសរួមគ្នាលើកទី២ នៅក្នុងពាក់កណ្តាលខែមករា ដោយចាប់ផ្តើមពី ថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា បេឡារុស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ហើយបានអនុញ្ញាតឲ្យប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រើប្រាស់ទឹកដីរបស់ខ្លួនជាកន្លែងបើកដំណើរការមួយ សម្រាប់ក្រុមយោធារុស្ស៉ីបើកលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕