(វ៉ាស៊ីនតោន)៖ ក្រសួងសុខាភិបាលអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានសម្រេចចិត្តបន្តដាក់ស្ថានភាពនៃជំងឺកូវីដ១៩ ជាភាពអាសន្នសុខភាពសាធារណៈដែលនឹងអនុញ្ញាតឱ្យ ប្រជាជនអាមេរិករាប់លាននាក់ បន្តទទួលបានការចាក់វ៉ាក់សាំង ការធ្វើតេស្ដ និងការព្យាបាលដោយឥតគិតថ្លៃ មុននឹងការអនុវត្តបែបនេះនឹងត្រូវអស់សុពលភាព នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

ការប្រកាសចាត់ទុកកូវីដ១៩ ជាភាពអាសន្នសុខភាពសាធារណៈត្រូវបានប្រកាសឡើងជាលើកដំបូងកាលពីខែមករា ឆ្នាំ២០២០ ជាពេលដែលជំងឺនេះចាប់ផ្ដើមឆ្លងរាតត្បាតខ្លាំង ហើយចាប់តាំងពីពេលនោះមក ការចាត់ទុកកូវីដ១៩ ជាភាពអាសន្នសុខភាពសាធារណៈត្រូវបានបន្តជាថ្មីជារៀងរាល់ត្រីមាស។

ការសម្រេចចិត្តខាងលើកើតមានឡើង នៅចំពេលចំនូនអ្នកស្លាប់ដោយសារកូវីដ១៩ ក្នុងរដូវរងានេះនៅសហរដ្ឋអាមេរិកមានការកើនឡើង ដោយបើតាមមជ្ឈមណ្ឌល CDC​ អាមេរិក អត្រាអ្នកឆ្លងកូវីដ១៩មានចំនួន ៦៧,០០០នាក់ និងស្លាប់ ៣៩០នាក់ក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃទី៤ ខែមករានេះ។ ក្រុមមន្ត្រីរដ្ឋបាលលោក ចូ បៃដិន បាននិយាយកាលពី ខែវិច្ឆិកា ឆ្នាំ២០២២ថា លទ្ធភាពដែលករណីឆ្លងជំងឺកូវីដ១៩ អាចនឹងកើនឡើង រួមទាំងភាពចាំបាច់ក្នុងការអនុញ្ញាតឱ្យទីផ្សារឯកជនអាចបន្តផ្ដល់សេវាធ្វើតេស្ដ ចាក់វ៉ាក់សាំង និងការព្យាបាល គឺជាកត្តាពីរដ៏សំខាន់ដែលនឹងចូលរួមចំណែកក្នុងការសម្រេចចិត្តមិនលុបចោលការចាត់ទុកកូវីដ១៩ ជាភាពអាសន្នសុខភាពសាធារណៈ នៅខែមករានេះ។

គួរបញ្ជាក់ថា នៅពេលដែលការចាត់ទុកកូវីដ១៩ ជាភាពអាសន្នសុខភាពសាធារណៈត្រូវបានបញ្ចប់ នោះក្រុមហ៊ុនធានារ៉ាប់រងឯកជន និងទីភ្នាក់ងារសុខាភិបាលនៃរដ្ឋាភិបាល អាមេរិក នឹងចាប់ផ្ដើមគិតថ្លៃលើការព្យាបាល និងការធ្វើតេស្ដកូវីដ១៩ ឡើងវិញចំពោះប្រជាជនអាមេរិកភាគច្រើន៕