(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយថាលោកផ្ទាល់មើលមិនឃើញឡើយថាការបង្កើនសកម្មភាពយោធារបស់ចិន នៅក្បែរច្រកសមុទ្រតៃវ៉ាន់ គឺជាសញ្ញាមួយបង្ហាញថាចិនអាចនឹងប្រើកម្លាំងយោធាភ្លាមៗ ឬក្នុងពេលអនាគតដ៏ខ្លី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

លោក ឡយដ៍ អូស្ទីន ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន និងសមភាគីជប៉ុន នៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក អូស្ទីន បានគូសបញ្ជាក់ដូច្នេះថា «យើងបានឃើញហើយពីការកើនឡើងសកម្មភាពយន្ដហោះចម្បាំង នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយយើងក៏បានឃើញរួចហើយដែរពីការកើនឡើងសកម្មភាពនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់...ប៉ុន្តែថាតើនេះជាសញ្ញាបង្ហាញថានឹងមាន ការឈ្លានពានភ្លាមៗ ឬក៏យ៉ាងណានោះ ខ្ញុំមិនច្បាស់នោះទេ»

គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ វិទ្យាស្ថានមួយរបស់សហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍មួយដោយសន្និដ្ឋានថាចិនអាចនឹងទទួលបរាជ័យក្នុងការប្រើប្រាស់ កម្លាំងយោធាកាន់កាប់កោះតៃវ៉ាន់ ប្រសិនបើមានអន្តរាគមន៍យោធាពីសហរដ្ឋអាមេរិក និងជប៉ុន ហើយសង្រ្គាមនៅតៃវ៉ាន់អាចនឹងធ្វើឱ្យភាគីជម្លោះទាំងអស់របួសធ្ងន់ ទាំងសងខាង៕