(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិកំពូលៗមកពីសហរដ្ឋអាមេរិក និងជប៉ុន នៅថ្ងៃពុធសប្ដាហ៍នេះបានបង្ហើបពីផែនការពង្រឹងសម្ព័ន្ធភាពនៃប្រទេស ទាំង២ ដើម្បីទប់ទល់ទៅនឹងអ្វីដែលពួកគេហៅថាជាការកើនឡើងនៃការគំរាមកំហែងពីសំណាក់ចិន និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

នៅក្រោយកិច្ចប្រជុំមួយធ្វើឡើងនៅឯក្រសួងការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថាកិច្ចព្រមព្រៀងរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានឆ្លុះបញ្ចំាងពីកិច្ចខិតខំប្រឹងប្រែងនៃប្រទេសទាំង២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះរួមមានទាំងអវកាស សន្តិសុខព័ត៌វិមានវិទ្យា និងបច្ចេកវិទ្យា។ នៅក្រោមកិច្ចព្រមព្រៀងដដែល អាមេរិក និងជប៉ុន មានផែនការបង្កើនការធ្វើ សមយុទ្ធយោធារួមគ្នា ក៏ដូចជាធ្វើការកែសម្រួលមួយចំនួនលើវត្តមានកងទ័ពអាមេរិកនៅលើកោះអូគីណាវ៉ា តាមរយៈការសាងសង់មូលដ្ឋានមួយដែលគ្មាន ប្រជាជនរស់នៅ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើសមយុទ្ធយោធារួមគ្នា។

គួរបញ្ជាក់ថា កិច្ចប្រជុំ ២ បូក ២ នៅថ្ងៃពុធសប្ដាហ៍នេះមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ព្រមទាំងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសជប៉ុន។ កិច្ចប្រជុំនេះទៀតសោត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា នឹងត្រូវជួបលោកប្រធានាធិបតី ចូ បៃដិន នៅឯសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ៕