(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី អាន់ណាឡេណា ប៊ែរបក់ (Annalena Baerbock) បានធ្វើដំណើរដោយមិនប្រកាសឲ្យដឹងជាមុនទៅកាន់ទៅក្រុងខាកៀវ (Kharkiv) ដែលស្ថិត ភាគខាងកើតអ៊ុយក្រែនជាប់ព្រំដែនជាមួយរុស្ស៉ី នៅថ្ងៃអង្គារសប្តាហ៍នេះ និងបានសន្យាបន្តផ្តល់ជំនួយអាវុធបន្ថែមទៀត ខណៈអ៊ុយក្រែនបន្តស្នើឱ្យទីក្រុងបែរឡាំងបញ្ជូនរថក្រោះប្រយុទ្ធខ្លារខិន ឡេអូផាត (Leopard)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

មុនពេលជួបរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) លោកស្រី ប៊ែរបក់ បានបង្ហាញពីសាមគ្គីភាពរបស់អាល្លឺម៉ង់ជាមួយប្រជាជនអ៊ុយក្រែន ដែលកំពុងរស់នៅ ក្រោមការឈ្លានពានរបស់រុស្ស៊ី និងលក្ខខណ្ឌរដូវរងាដ៏អាក្រក់។ កាលពីសប្តាហ៍មុន អាល្លឺម៉ង់បានសន្យាថានឹងបញ្ជូនយានប្រយុទ្ធ Marder ទៅកាន់អ៊ុយក្រែន ហើយនៅពេលនេះ លោកស្រី ប៊ែរបក់ បានសន្យាថានឹងបំពាក់អាវុធបន្ថែមទៀតដល់ទីក្រុងកៀវ តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។

លោកស្រី ប៊ែរបក់ បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងខាកៀវ យ៉ាងដូច្នេះថា «អ្វីដែលយើងបានមើលឃើញនៅក្នុងទីក្រុងនេះ គឺជានិមិត្តរូបនៃភាពឆ្កួតលីលាពីសង្រ្គាមឈ្លានពាន របស់រុស្ស៊ីនៅអ៊ុយក្រែន និងការឈឺចាប់មិនចេះចប់ដែលប្រជាជន ជាពិសេសអ្នករស់នៅភាគខាងកើតត្រូវប្រឈមមុខជាមួយរាល់ថ្ងៃ។ យើងអាចមើលឃើញភាពក្លាហាន ភាពអន់ធន់របស់ ប្រជាជននៅទីនេះ និងក្តីសង្ឃឹមសម្រាប់ជីវិតប្រកបដោយសន្តិភាព»។

លោកស្រី ប៊ែរបក់ បានបន្តថា «ក្នុងនាមជារដ្ឋាភិបាលអាល្លឺម៉ង់ យើងចង់ផ្តល់ជូនជាក់ស្តែងដល់អ៊ុយក្រែនក្នុងគោលបំណងធ្វើឲ្យមានវឌ្ឍនភាព ក្នុងការពង្រឹងនីតិរដ្ឋ ស្ថាប័នឯករាជ្យ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក៏ដូចជាការអនុលោមតាមស្តង់ដារសហភាពអឺរ៉ុប។ វាជារឿងសំខាន់សម្រាប់អ៊ុយក្រែននៅអឺរ៉ុប និងបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា បើតាមលោកស្រី ប៊ែរបក់ អាល្លឺម៉ង់មានផែនការផ្តល់ជំនួយចំនួន ២០លានអឺរ៉ូ ឬ២១.៤៧លានដុល្លារ សម្រាប់កិច្ចខិតខំប្រឹងប្រែងដោះមីន និង២០លានអឺរ៉ូទៀត ដើម្បីជំរុញការចូលប្រើប្រាស់ប្រព័ន្ធផ្កាយរណប Satellite Starlink របស់អ៊ុយក្រែន៕