(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី រីស៉ី ស៊ូណាក់ (Rishi Sunak) និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីដ៏សំខាន់មួយ នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នានៅទីក្រុងឡុងដ៍ នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងដែលត្រៀមចុះហត្ថលេខានេះ នឹងអនុញ្ញាតឲ្យកងកម្លាំងចក្រភពអង់គ្លេសត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសជប៉ុន ដែលទីក្រុងឡុងដ៍ចាត់ទុកថាជាកិច្ចព្រមព្រៀងផ្នែក ការពារដ៏សំខាន់បំផុត រវាងប្រទេសទាំងពីរក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់ លោក ស៊ូណាក់ ក៏បានឲ្យដឹងបន្ថែមថា មេដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីតួនាទីជាប្រធាន G7 បច្ចុប្បន្នរបស់ប្រទេសជប៉ុន និងតម្រូវការដើម្បី រក្សាការគាំទ្ររួមសម្រាប់អ៊ុយក្រែន​ ផងដែរ។

គួរបញ្ជាក់ថា លោក គីស៉ិដា បានផ្តើមបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង កាលពីថ្ងៃចន្ទដើមសប្តាហ៍ដែលនឹងបញ្ចប់ដោយកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ៕