(មូស្គូ)៖ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៉ី បានអះអាងថាទាហានរបស់ខ្លួនបានគ្រប់គ្រងទាំងស្រុងលើទីក្រុងសូឡេដា (Soledar) ដែលជាទីក្រុងរ៉ែអំបិលមួយ ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

ទីក្រុង សូឡេដា បានក្លាយជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈរុស្ស៉ីមើលឃើញថាជាទីតាំងយុទ្ធសាស្ត្រមួយដ៏សំខាន់ដែលស្ថិតនៅក្បែរទីក្រុងយុទ្ធសាស្ត្រ បាកមូត (Bakhmut) នៃតំបន់ដុនបាស់។ នៅក្នុងសម្រង់សម្ដីមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី នៅថ្ងៃពុធនេះ លោក យ៉េវហ្កេនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) ជាប្រធាន ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានអះអាងថាទាហានរបស់ខ្លួន បានគ្រប់គ្រងទាំងស្រុងលើទឹកដីនៃទីក្រុងសូឡេដា (Soledar) ហើយចំនួនឈ្លើយសឹកនៅត្រូវបានប្រកាស ឆាប់ៗនេះ ដោយមិនបានបញ្ជាក់អ្វីបន្ថែមឡើយ។

គួរបញ្ជាក់ថា សូឡេដា (Soledar) គឺជាទីក្រុងតូចមួយសម្បូរដោយរ៉ែអំបិល ស្ថិតនៅចម្ងាយ១៥គីឡូម៉ែត្រ ពីទីក្រុង បាកមូត (Bakhmut) ហើយការដណ្ដើមបានទីក្រុងមួយនេះនឹងក្លាយជា និមិត្តរូបមួយដ៏សំខាន់ទាំងយោធា និងពាណិជ្ជកម្មសម្រាប់រុស្ស៉ី។ ប៉ុន្តែ ស្ថានការណ៍នៅក្នុងទីក្រុង សូឡេដា កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ ដោយខាងអ៊ុយក្រែនកំពុងតស៊ូ ប្រយុទ្ធយ៉ាងខ្លាំងក្លា៕