(ប៉ារីស)៖ ក្រសួងការបរទេសបារាំង នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា ខ្លួនមិនដែលបានច្រានចោលឡើយនូវគំនិតដែលចង់ឱ្យសហភាពអឺរ៉ុប ចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ជាអង្គការភេរវករ ហើយការលើកឡើងនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាល្លឺម៉ង់និយាយថាការសម្រេចចិត្តបែបនេះនឹងក្លាយជាសារនយោបាយមួយដ៏មានសារៈសំខាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

មកទល់នឹងពេលនេះ ទំនាក់ទំនងរវាងបារាំង និងអ៉ីរ៉ង់ នៅតែស្ថិតក្នុងភាពរកាំរកូស ខណៈកិច្ចខិតខំស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញកំពុងជាប់គាំងនៅឡើយ។ បារាំងនៅតែមាន ការស្ទាក់ស្ទើរក្នុងការចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ។ ប៉ុន្តែ បារាំងហាក់ដូចជាផ្លាស់ប្ដូរគោលជំហរ ក្រោយការកាត់ទោសប្រហារជីវិតបាតុករអ៉ីរ៉ង់ជាច្រើននាក់ កាលពីពេលថ្មីៗនេះ និងការកើនឡើងនៃទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងមូស្គូ។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី អាន ក្លែរ ឡេហ្សង់ (Anne-Claire Legendre) បានបញ្ជាក់ថាខណៈការគាបសង្កត់នៅតែបន្ត បារាំងកំពុងធ្វើ ការជាមួយបណ្ដាប្រទេសអឺរ៉ុបជាដៃគូ លើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ ដោយមិនមានការច្រានចោលលទ្ធភាពណាមួយឡើយ។

គួរបញ្ជាក់ថា ក្រោយត្រូវបានបង្កើតឡើង បន្ទាប់ពីបដិវត្តន៍អ៉ីរ៉ង់ឆ្នាំ១៩៧៩ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ មានភារកិច្ចចម្បងការពារប្រព័ន្ធដឹកនាំនិកាយស៊ីអ៉ីត និងជាអង្គភាពដ៏មានឥទ្ធិពលបំផុត ដែលគ្រប់គ្រងទាំងសេដ្ឋកិច្ច និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងប្រទេស៕