(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធាណរដ្ឋ បានបោះឆ្នោតបើកការស៊ើបអង្កេតមួយលើអ្វីដែលពួកគេបានចោទប្រកាន់ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រើប្រាស់ស្ថាប័នមួយចំនួននៃរដ្ឋាភិបាលសហព័ន្ធ ជាឧបករណ៍នយោបាយប្រឆាំងនឹងលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

ក្រុមអ្នកសាធារណរដ្ឋ ធ្លាប់បានសន្យាថាពួកគេនឹងប្រើប្រាស់សំឡេងភាគច្រើន នៅក្នុងសភាតំណាងរាស្ត្រអាមេរិក ដើម្បីបើកការស៊ើបអង្កេតលើក្រសួងយុត្តិធម៌អាមេរិក ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) រួមទាំងស្ថាប័នសហព័ន្ធមួយចំនួនទៀត ដែលបានដឹកនាំការស៊ើបអង្កេតប្រឆាំងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអ្នកគាំទ្ររបស់លោកដែលបានចូលអុកឡុក វិមានកាពីតូល (Capitol) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

នៅក្នុងការបោះឆ្នោតនៅថ្ងៃអង្គារសប្ដាហ៍នេះ សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធាណរដ្ឋ បានសម្រេចបង្កើតអនុគណៈកម្មាធិការមួយដែលនឹងទទួលបន្ទុកបើក ការស៊ើបអង្កេតលើស្ថាប័នមួយចំនួននៅក្រោមរដ្ឋបាលលោក ចូ បៃដិន ដែលក្រុមអ្នកសាធារណរដ្ឋចោទថាប្រើប្រាស់ FBI ជាឧបករណ៍នយោបាយប្រឆាំងលោក ដូណាល់ ត្រាំ។ បន្ថែមពីលើនេះ ក្រុមអ្នកសាធារណរដ្ឋក៏នឹងបើកការស៊ើបអង្កេតផងដែរលើចោទប្រកាន់ដែលថារដ្ឋបាលលោក ចូ បៃដិន បានដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ឱ្យរឹតត្បិតទស្សនៈដែលផ្ទុយនឹងគោលនយោបាយសេតវិមាន៕