(មូស្គូ)៖ មនុស្សជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងមូស្គូ នៅក្នុងប្រទេសបច្ចុប្បន្នកំពុងប្រយុទ្ធជាមួយបក្សសម្ព័ន្ធយោធា NATO ដឹកនាំដោយ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន និងចោទប្រកាន់ថាលោកខាងលិចកំពុងព្យាយាមលុបរុស្ស៉ីចេញពីផែនទីនយោបាយពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។

អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៉ី អាហ្គូមិនទី អ៉ី ហ្វាកទី (Argumenti i Fakti) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ផាទ្រូសេវ បានគូសបញ្ជាក់ដូច្នេះថា «ព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន មិនមែនជាជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវឡើយ តែវាជាការប្រឈមមុខខាងយោធារវាងរុស្ស៉ី និង NATO ហើយកាន់តែច្បាស់ជាងនេះគឺជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតែម្ដង»។ លោកបន្ថែមទៀតថា ផែនការរបស់លោកខាងលិច នោះគឺធ្វើយ៉ាងលុបរុស្ស៉ីចេញពីផែនទីនយោបាយសកលលោក។

គួរបញ្ជាក់ថា លោក ពូទីន រួមទាំងក្រុមមន្ត្រីជាន់ខ្ពស់របស់លោកបានអះអាងជារឿយៗថាសង្រ្គាមនៅអ៊ុយក្រែនជាការប្រឈមមុខដាក់គ្នារវាងរុស្ស៉ី និង NATO។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និង NATO បានច្រានចោលការចោទប្រកាន់នេះ ហើយបញ្ជាក់ថាពួកគេគ្មានបំណងបំផ្លាញរុស្ស៉ីនោះឡើយ។ លោក ពូទីន បានចាត់ទុកថាសង្រ្គាមអ៊ុយក្រែន ជាការគំរាមកំហែងដល់ សន្តិសុខជាតិរុស្ស៉ី និងបង្កឡើងដោយលោកខាងលិច ជាមួយការព្រមានថារុស្ស៉ីនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលខ្លួនមានដើម្បីការពារខ្លួនឯង និងប្រជាជនរបស់ខ្លួនប្រឆាំងនឹង ការឈ្លានពានណាមួយ៕