(ប្រ៊ុចសែល)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុបបានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងជំរុញការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ប្រមុខអង្គការណាតូ លោក Jens Stoltenberg បាននិយាយ បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ជាមួយមន្ត្រីកំពូលរបស់សហភាពអឺរ៉ុបថា «យើងត្រូវតែបន្តពង្រឹងភាពជាដៃគូរវាងណាតូ និងសហភាពអឺរ៉ុប។ ហើយយើងត្រូវតែពង្រឹងបន្ថែមទៀតនូវការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន»

ប្រទេសនៅក្នុងអង្គការណាតូ និងសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២១ប្រទេស បានបញ្ជូនអាវុធរាប់ពាន់លានដុល្លារទៅកាន់ទីក្រុងកៀវ ដែលបានជួយខ្លួនក្នុងការរុញច្រានកងកម្លាំងរបស់ទីក្រុងម៉ូស្គូ។

សហរដ្ឋអាមេរិក អាឡឺម៉ង់ និងបារាំងបានប្រកាសថា ឥឡូវនេះពួកគេក៏នឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវរថពាសដែកប្រយុទ្ធ ប៉ុន្តែទីក្រុងកៀវបានអង្វរឱ្យបញ្ជូនរថក្រោះធុនធ្ងន់ទំនើបៗផងដែរ។

លោក Stoltenberg បាននិយាយថា អ្នកគាំទ្រលោកខាងលិចរបស់កៀវ នឹងជួបគ្នានៅសប្តាហ៍ក្រោយជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន «ដើម្បីពិភាក្សាឱ្យច្បាស់អំពីប្រភេទអាវុធដែលត្រូវការ ហើយតើសម្ព័ន្ធមិត្តអាចផ្តល់អាវុធទាំងនោះដោយរបៀបណា»៕