(តេហេរ៉ង់)៖ តុលាការអ៊ីរ៉ង់នៅថ្ងៃអង្គារនេះបានបញ្ជាឱ្យប៉ូលីស «ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង» ចំពោះអ្នកដែលបំពានច្បាប់ទទូលក្រម៉ា (hijab) របស់ប្រទេស បន្ទាប់ពីមានការតវ៉ាបង្ហូរឈាមជិតបួនខែប្រឆាំងនឹងវិធានការទាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

បាតុកម្មបានវាយលុកប្រទេសអ៊ីរ៉ង់ ចាប់តាំងពី កញ្ញា Mohsa Amini ជនជាតិ Kurd អាយុ ២២ឆ្នាំត្រូវបានសម្លាប់ នៅក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីនាងត្រូវបានចាប់ខ្លួននៅទីក្រុង Tehran ក្រោមការចោទប្រកាន់ពីបទបំពានច្បាប់ hijab។

ចាប់តាំងពីការតវ៉ាបានផ្ទុះឡើង អង្គភាពប៉ូលីសសីលធម៌ដែលមានភារកិច្ចអនុវត្តច្បាប់បិទបាំងមុខមិនសូវឃើញចេញមុខទេ ហើយស្ត្រីបានដើរតាមដងផ្លូវដោយមិនពាក់ក្រមាជាកាតព្វកិច្ច។

ប៉ុន្តែអាជ្ញាធរបានបង្ហាញពីកម្រិតនៃការអត់ឱនតិចជាងមុនតាំងពីដើមឆ្នាំនេះ ដោយប៉ូលិសបានព្រមានថា ស្ត្រីត្រូវតែទទូលក្រម៉ាសូម្បីតែក្នុងរថយន្ត។ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថា រដ្ឋអាជ្ញាសាធារណៈបានចេញសេចក្តីណែនាំមួយ ដែលប៉ូលីសត្រូវបានបញ្ជាឱ្យដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងរាល់ការរំលោភលើច្បាប់ hijab។

អាជ្ញាធរបាននិយាយថា មនុស្សរាប់រយនាក់ រួមទាំងបុគ្គលិកសន្តិសុខ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ាដែលពួកគេបានពិពណ៌នាជាទូទៅថាជា «កុបកម្ម»។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ តុលាការបានបិទហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើន ដែលមានបុគ្គលិកស្ត្រីមិនទទូល hijab៕