(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នាថ្ងៃអង្គារនេះ បានប្រកាសថា រុស្ស៉ីនឹងនៅតែបន្តអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរត្រីមុខរបស់ខ្លួន គឺមីស៉ីលបាលិស្ទីគ នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក ដោយសារតែសព្វាវុធប្រភទនេះ គឺសំខាន់ជាទីបំផុត សម្រាប់ធានាអធិបតេយ្យរបស់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

លោក Shoigu បាននិយាយដូច្នេះថា «យើងនឹងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរត្រីមុខ ហើយរក្សាឱ្យបាននូវសមត្ថភាពត្រៀមប្រយុទ្ធរបស់ពួកវា ដ្បិតឆ័ត្រនុយក្លេអ៊ែរបានដើរតួនាទី ហើយនៅតែកំពុងដើរតួនាទីដដែល ជាអ្នកធានាចម្បងបំផុតនៃអធិបតេយ្យនិងបូរណភាពទឹកដី​នៃរដ្ឋរបស់យើង»។ លោករដ្ឋមន្រ្តីការពារជាតិរុស្ស៉ី បានបន្តទៀតថា «យើងក៏នឹងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពអាកាស​ផងដែរ ទាំងក្នុងន័យធ្វើឱ្យយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់ អាចធ្វើប្រតិបត្តិការនៅក្នុងតំបន់មានវត្តមាននៃប្រព័ន្ធការពារ​ដែនអាកាសទំនើបៗ និងក្នុងន័យបង្កើនសមត្ថភាពរបស់យន្តហោះដ្រូន»

គួរបញ្ជាក់ថា បច្ចុប្បន្នរុស្ស៉ីមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបចំនួនជិត ៦,០០០គ្រាប់ ដែលច្រើនជាងគេបំផុតនៅលើពិភពលោក ធៀបនឹងក្បាលគ្រាប់ជាង ៥,៤០០គ្រាប់របស់សហរដ្ឋអាមេរិក ប៉ុន្តែក្បាលគ្រាប់ដែលអាមេរិកបានដាក់ពង្រាយគឺច្រើនជាងរុស្ស៉ី ពោលគឺ១,៦៤៤គ្រាប់​ ទល់នឹង១,៥៨៨គ្រាប់។ ចំនួនអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ ស្ថិតក្រោមការកំណត់នៃ​កិច្ចព្រមព្រៀងទ្វេភាគី ហៅថា New START៕