(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា នាវាចម្បាំងរុស្ស៉ីមួយគ្រឿង ដែលមានបំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង បានធ្វើសមយុទ្ធនៅឯតំបន់សមុទ្រន័រវែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ីបានប្រាប់ឱ្យដឹងថា ក្រុមនាវិកនៃនាវាចម្បាំង អេមីរ៉ាល់ ហ្គ័រស្កូវ (Admiral Gorshkov) បានធ្វើសមយុទ្ធការពារអាកាសនៅឯសមុទ្រន័រវែស ដែលវាគឺជាការហាត់សមមួយផ្តោតទៅលើ ការទប់ទល់សកម្មភាពវាយប្រហារតាមផ្លូវអាកាស​ពីសំណាក់សត្រូវនៅក្នុងតំបន់សមុទ្រនោះ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជូននាវាចម្បាំងខាងលើ ឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិច ដើម្បីជាសញ្ញាមួយបង្ហាញដល់លោកខាងលិចថា រុស្ស៉ីនឹងមិនចុះញ៉មដាច់ខាតជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នាវាចម្បាំងនេះបំពាក់នូវ​មីស៉ីលហៅថា ហ្សៀរខុន (Zircon) ដែលទីក្រុងមូស្គូអះអាងថា មានសមត្ថភាពហោះលឿនជាងល្បឿនសំឡេង៩ដង និងមានរយៈចម្ងាយធ្វើដំណើរអតិបរមាជាង ១,០០០គីឡូម៉ែត្រ។ គោលដៅធ្វើដំណើររបស់ នាវាចម្បាំង Admiral Gorshkov រួមមានមហាសមុទ្រអាត្លង់ទិច មហាសមុទ្រឥណ្ឌា ព្រមទាំងសមុទ្រមេឌីទែរ៉ាណេ។

គួរបញ្ជាក់ថា បច្ចុប្បន្នរុស្ស៉ីមើលឃើញ ពពួកសព្វាវុធល្បឿនលឿនជាងសំឡេង ជាមធ្យោបាយមួយដើម្បីទម្លុះចូលខែលការពារ នៃប្រព័ន្ធប្រឆាំងមីស៉ីលកាន់តែទំនើបខ្លាំងឡើងៗរបស់សហរដ្ឋអាមេរិក ដែលលោក ពូទីន ធ្លាប់បានព្រមានថា នៅថ្ងៃណាមួយអាចនឹងបាញ់​ទម្លាក់ មីស៉ីលនុយក្លេអ៊ែររបស់រុស្ស៉ីបាន។ កាលពីសប្តាហ៍កន្លងទៅ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេវេដេវ (Dmitry Medvedev) ក៏បានព្រមានទីក្រុងវ៉ាស៉ីនតោនផងដែរថា មីស៉ីលល្បឿនលឿនជាងសំឡេង នឹងទៅដល់កៀកមាត់សមុទ្ររបស់​អង្គការណាតូ (NATO) ក្នុងពេលឆាប់ៗ៕