(ណៃពិដោ)៖ ប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសមនុស្សចំនួន ១១២នាក់ក្នុងនោះមានកុមារ ១២នាក់មកពីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ឱ្យជាប់ពន្ធនាគារ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនក្រោយប៉ុនប៉ងចាកចេញពីប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃអង្គារនេះថា តុលាការនៅទីក្រុងបូហ្គែល (Bogale) ក្នុងតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyarwady) ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសពួកគេកាលពីថ្ងៃទី៦ ខែមករា កន្លងទៅ។ ក្រុមជនជាតិភាគតិចរ៉ូហ៉ីងយ៉ា ត្រូវចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីពួកគេត្រូវបានគេរកឃើញ នៅលើកាណូតដោយគ្មានឯកសារផ្លូវការ។

ក្នុងចំណោមនោះមានកុមារទាំង ១២នាក់ ដែល៥នាក់មានអាយុក្រោម ១៣ឆ្នាំ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ហើយកុមារដែលមានអាយុលើសពីនេះ ត្រូវជាប់ទោសរហូតដល់ ៣ឆ្នាំ។ ពួកគេត្រូវបានផ្ទេរទៅមណ្ឌលបណ្តុះបណ្តាលយុវជន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ចំណែកមនុស្សពេញវ័យជាប់ទោសរយៈពេល ៥ឆ្នាំ។

គួរបញ្ជាក់ថា ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនត្រូវបានបដិសេធ ពីភាពជាពលរដ្ឋ និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធ និងបានគេចាត់ទុកថាជា «ជនចំណាកស្រុកខុសច្បាប់» មកពីអាស៊ីខាងត្បូង៕