(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ ចិនបានចាប់ផ្តើមចេញចំណាត់ការសងសឹកប្រឆាំងជប៉ុននិងកូរ៉េខាងត្បូង ដែលបានអនុវត្តការរឹតត្បិតលើ​អ្នកដំណើរមកពីប្រទេសចិន ពាក់ព័ន្ធជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ស្ថានទូតចិនប្រចាំទីក្រុងសេអ៊ូល បានប្រកាសថា ខ្លួនសម្រេចផ្អាកការចេញទិដ្ឋាការរយៈពេលខ្លី ឱ្យអ្នកដំណើរមកពីកូរ៉េខាងត្បូង។ រីឯទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ (Kyodo) បានរាយការណ៍ថា ទីក្រុងប៉េកាំងក៏បានអនុវត្តចំណាត់ការស្រដៀងគ្នាប្រឆាំងជប៉ុនដែរ។ ស្ថានទូតចិនបាននិយាយថា ខ្លួននឹងកែសម្រួលគោលការណ៍ផ្តល់ទិដ្ឋាការថ្មីចុងក្រោយនេះ ដោយស្របទៅតាមការដកចេញវិញ នូវអ្វីដែលខ្លួនហៅថា «ការរឹតត្បិតបែបរើសអើង» ពាក់ព័ន្ធការចូលក្នុងប្រទេសកូរ៉េខាងត្បូង។ បើតាម Kyodo ទីក្រុងប៉េកាំងក៏បានប្រាប់​​បណ្តាទីភ្នាក់ងារទេសចរណ៍ថា ខ្លួនសម្រេចឈប់ចេញទិដ្ឋាការថ្មីៗនៅជប៉ុនផងដែរ។

គួរបញ្ជាក់ថា ជប៉ុននិងកូរ៉េខាងត្បូង បានចូលរួមជាមួយប្រទេសមួយចំនួនទៀត រួមមានទាំងសហរដ្ឋអាមេរិក ដែលបានកំណត់ឱ្យ​អ្នកដំណើរមកពីប្រទេសចិន ត្រូវបង្ហាញលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តរកជំងឺកូវីដ១៩។ ចិនបានចាប់ផ្តើមបើកព្រំប្រទល់របស់ខ្លួន​ទាំងស្រុងឡើងវិញ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន៕