(អូតាវ៉ា)៖ ទីបំផុតកាណាដាបានចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីទិញយន្តហោះចម្បាំង F-35 ចំនួន៨៨គ្រឿង ពីក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) កាលពីថ្ងៃចន្ទ ក្នុងតម្លៃ១៩ពាន់លានដុល្លារកាណាដា ស្មើនឹង១៤.២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិកាណាដា លោកស្រី អានីតា អាណាន (Anita Anand) បាននិយាយថា ការទិញនិងជួសជុលថែទាំងយន្តហោះទាំងនេះ អាចជួយចូលរួមចំណែកថវិកាប្រហែល៤២៥លានដុល្លារកាណាដា ទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកាណាដា រួមជាមួយការងារជិត៣,៣០០កន្លែង ក្នុងមួយឆ្នាំៗ ហើយវាគឺជាការវិនិយោគដ៏ធំបំផុតទៅលើកងទ័ពជើងអាកាសកាណាដា ក្នុងពេល៣០ឆ្នាំ​មកនេះ។

បើតាមលោកស្រី អាណាន កាណាដារំពឹងថានឹងទទួលបាន យន្តហោះចម្បាំង F-35 ដំបូងៗ នៅក្នុងឆ្នាំ២០២៦ ហើយពួកវាអាចនឹង​ធ្វើប្រតិបត្តិការបានពេញលេញ នៅចន្លោះឆ្នាំ២០៣២-២០៣៤។ ទីក្រុងអូតាវ៉ាបានព្យាយាមជាងមួយទសវត្សរ៍ហើយ ដើម្បីស្វែងរកជម្រើសយន្តហោះចម្បាំងថ្មី មកជំនួសក្រុមយន្តហោះចម្បាំង Boeing CF-18 របស់ខ្លួន ដែលមានអាយុកាលចាស់ៗ ពោលគឺ​ខ្លះមានអាយុដល់ទៅជាង៤០ឆ្នាំ។

គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើទៀតសោត គឺកើតឡើងចំពេលដែលនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៉ិក កាលពីថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេសតំបន់អាមេរិកខាងជើង ជាទីដែលលោកនឹងត្រូវជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕