(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) ដែលត្រូវបានគេចាត់ទុកថាជា «អ្នកការទូតចចកចម្បាំង» ដ៏លេចធ្លោរមួយរូបរបស់ចិន ត្រូវផ្ទេរឱ្យទៅកាន់មុខតំណែងថ្មី​នៅក្នុងនាយកដ្ឋានដែលគ្រប់គ្រងកិច្ចការព្រំដែនដីគោក និងព្រំដែនសមុទ្រ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

បើតាមគេហទំព័រក្រសួងការបរទេសចិន លោក ចៅ មានអាយុ៥០ឆ្នាំ បច្ចុប្បន្នគឺជាអនុប្រធាននាយកដ្ឋានកិច្ចការព្រំដែនគោក និងព្រំដែនសមុទ្រនៃក្រសួងការបរទេសចិន។ លោក ចៅ បានកា្លយជាអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីឆ្នាំ២០២០ ហើយលោកត្រូវបានគេស្គាល់ថាជាអ្នកនាំពាក្យ និងជាអ្នកការទូតម្នាក់ដែលតែងតែបង្ហោះសារ មានលក្ខណៈជាតិនិយម និងផាំងទៅផាំងមកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ តួយ៉ាង នៅក្នុងការបង្ហោះសារមួយលើ Twitter កាលពីខែមីនា ឆ្នាំ២០២០ លោក ចៅ បានសរសេរថា យោធាអាមេរិកប្រហែលជាអ្នកដែលនាំវីរុសកូរ៉ូណាកូវីដ១៩ មកកាន់ទីក្រុងវូហាន ប្រទេសចិន បន្ទាប់ពីក្រុមមន្ត្រីអាមេរិកមួយចំនួនអះអាងថាវីរុសកូរ៉ូណា នេះមានប្រភពចេញពីមន្ទីរពិសោធន៍ចិន។

គួរបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលចិន ក៏បានតែងតាំងលោក Qin Gang ដែលជាអគ្គរដ្ឋទូចចិនប្រចាំសហរដ្ឋអាមេរិក ឱ្យកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោក វ៉ាង យី ផងដែរ ខណៈទីក្រុងប៉េកាំងកំពុងព្យាយាមស្ដារស្ថិរភាពទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន៕