(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៉ី បានបង្ហាញការប្រឆាំងជំទាស់ទៅនឹងបណ្ដាប្រទេសលោកខាងលិច ជុំវិញការផ្ដល់រថក្រោះធុនតូចឱ្យអ៊ុយក្រែ​ន ដោយព្រមានថាវាមានតែនឹង «អូសបន្លាយការឈឺចាប់» នៅក្នុងសង្រ្គាមតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Newsweek​ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថាកញ្ចប់ជំនួយថ្មីរបស់លោកខាងលិច សម្រាប់អ៊ុយក្រែន នឹងធ្វើឱ្យសង្រ្គាមកាន់តែអូសបន្លាយ។ លោក ប៉េសកូវ បានគូសបញ្ជាក់ដូច្នេះថា «ជាមូលដ្ឋាន ការប្រគល់អាវុធទាំងនេះមិនអាច ហើយនឹងមិនកែប្រែអ្វី បានឡើយ...ផ្ទុយទៅវិញ វាមានតែនឹងអូសបន្លាយការឈឺចាប់របស់ប្រជាជនអ៊ុយក្រែនតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង បានប្រកាសផ្ដល់រថក្រោះធុនតូច ឬរថពាសដែកប្រយុទ្ធឱ្យអ៊ុយក្រែន ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោនផ្ដល់រថពាសដែក ប្រយុទ្ធ Bradley ចំនួន៥០គ្រឿង រីឯអាល្លឺម៉ង់ផ្ដល់រថពាសដែកប្រយុទ្ធ Marder ៤០គ្រឿងឱ្យទីក្រុងកៀវ។ សារព័ត៌មានជាច្រើនបានចាត់ទុកថានេះជាការបញ្ជូនរថក្រោះ ផលិតដោយលោកខាងលិចឱ្យអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ខណៈក្រុមអ្នកជំនាញហៅថាជាប្រភេទរថក្រោះធុនតូច៕