(ហ្សកាតា)៖ ទីភ្នាក់ងារផ្នែកភូមិវិទ្យារបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារយ៉ាងជ្រៅក្រោមបាតសមុទ្រ ក្បែរប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រខាងកើត នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

USGS បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយ ៤២៧គីឡូម៉ែត្រពីកោះអាមប៊ុន (Ambon) នៃភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី ក្នុងជម្រៅ ៩៥គីឡូម៉ែត្រ។ ចំណែក ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ (BMKG) របស់ប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍ពីការរំញ័រក្នុងកម្រិត ៥.៥រ៉ិចទ័រ ហើយ ក៏មានការរញ្ជួយដល់ប្រទេសដីកោះ ទីម័រខាងកើតផងដែរ គឺនៅប្រជុំកោះម៉ាលូគូ (Maluku) និង ប៉ាពួ (Papua)។ ប៉ុន្តែ ភ្លាមៗនោះមិនទាន់មានរបាយការណ៍ អំពីការខូចខាត ឬជនរងគ្រោះទេ។

គួរបញ្ជាក់ថា ដោយសារតែស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ឥណ្ឌូណេស៉ីតែងតែរងគ្រោះដោយសារគ្រោះរញ្ជួយដីជាញឹកញាប់ ដោយការរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ វាយប្រហារកោះជ្វាខាងលិចបានសម្លាប់មនុស្ស ៦០២នាក់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៕