(បាងកក)៖ មេដឹកនាំដែលកាន់អំណាចយូរអង្វែងរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាបន្តការងារគ្រប់គ្រងប្រទេស ក្រោមគណបក្សនយោបាយថ្មីមួយ ដោយបង្ហាញពីការប្រឹងប្រែងដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ចូលនិវត្តន៍អាយុ ៦៨ឆ្នាំ ដែលបានកាន់អំណាចចាប់តាំងពីបានដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ២០១៤ កាលពីដើមខែមុនបាននិយាយថា គាត់ត្រៀមខ្លួនជាស្រេចដើម្បីបន្តទៅមុខទៀត បើទោះបីជារដ្ឋធម្មនុញ្ញបានកំណត់ឱ្យគាត់ត្រឹមតែពីរឆ្នាំបន្ថែមទៀតក៏ដោយ។

លោក ប្រាយុទ្ធ បានប្រាប់អ្នកគាំទ្រប្រហែល ១០,០០០នាក់នៅឯពិធីសម្ពោធគណបក្សបង្រួបង្រួមជាតិថៃថ្មី (United Thai Nation) ដែលលោកបានចូលរួមថា «រឿងជាច្រើនត្រូវបន្ត ហើយត្រូវធ្វើបន្ថែមទៀតដើម្បីឱ្យប្រទេសឆ្ពោះទៅមុខ...ខ្ញុំ​មក​ទី​នេះ​ថ្ងៃ​នេះ មិន​មែន​មក​ពី​ខ្ញុំ​ចង់​បាន​អំណាច​ទេ ប៉ុន្តែ​ដោយសារ​ថៃ​ត្រូវ​បន្ត​ទៅ​មុខ»

លោក ប្រាយុទ្ធ មិនទាន់រំលាយសភា ហើយការបោះឆ្នោតត្រូវតែធ្វើឡើងនៅខែឧសភាឆ្នាំនេះ យោងតាមរដ្ឋធម្មនុញ្ញ។

គណបក្ស​ថ្មី​ដែល​ដឹកនាំ​ដោយ​ឥស្សរជន​បែប​អភិរក្ស​របស់​ប្រទេស​នេះ ​នៅ​មិន​ទាន់​ប្រកាស​បេក្ខជន​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ឡើយ​ទេ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលកាន់អំណាចជាងប្រាំបីឆ្នាំរបស់គាត់ លោក ប្រាយុទ្ធ បានរួចផុតពីបញ្ហាប្រឈមជាច្រើន តាមរយៈសំណុំរឿងតុលាការ ការបោះឆ្នោតដកទំនុកចិត្ត និងការតវ៉ាតាមដងផ្លូវដោយគូប្រជែងផងដែរ៕