(មីឡាន)៖ កាសែត La Repubblica បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសអ៊ីតាលីនឹងមិនសម្រេចចិត្ត លើការផ្គត់ផ្គង់អាវុធថ្មីបន្ថែមដល់អ៊ុយក្រែនឡើយ ​រហូតដល់ខែកុម្ភៈ ដោយសារភាពតានតឹងផ្នែកនយោបាយ ការពិចារណាលើការចំណាយ និងការខ្វះខាតផ្នែកយោធា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៩​ ខែមករា ឆ្នាំ២០២៣។

កាលពីពីរសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទីក្រុងរ៉ូមកំពុងពិចារណាផ្តល់ប្រព័ន្ធការពារដែនអាកាសដល់ប្រទេសខ្លួន បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលក្នុងនោះលោកស្រីបានបញ្ជាក់សារជាថ្មីនូវ «ការគាំទ្រយ៉ាងពេញទំហឹង» របស់រដ្ឋាភិបាលសម្រាប់អ៊ុយក្រែន។

មិនយូរប៉ុន្មាន រដ្ឋមន្ត្រីការពារជាតិលោក Guido Crocito បាននិយាយដោយប្រុងប្រយ័ត្នថា តើប្រទេសអ៊ីតាលី នឹងអាចផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស ដល់អ៊ុយក្រែនដែរឬទេ។

ដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណ កាសែត La Repubblica រាយការណ៍ថា លោកស្រី Meloni ដែលជាអ្នកគាំទ្រដ៏រឹងមាំរបស់ទីក្រុងកៀវ កំពុងប្រឈមមុខនឹងការតស៊ូលើការអនុម័តក្រឹត្យបញ្ជូនអាវុធទៅអ៊ុយក្រែន ពីសម្ព័ន្ធមិត្តស្តាំនិយមរបស់លោកស្រី Matteo Salvini និង Silvio Berlusconi ។

អ្នកនយោបាយទាំងពីរមានទំនាក់ទំនងយូរអង្វែងជាមួយទីក្រុងម៉ូស្គូ។ ប៉ុន្តែប្រភពពីគណបក្សនយោបាយទាំងពីររបស់ពួកគេ បានបដិសេធកាលពីថ្ងៃចន្ទថា មិនមានបញ្ហាអ្វីជាមួយក្រឹត្យនេះទេ៕