(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបំពេញដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់ព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៉ិក ចាប់តាំងពី រូបលោកបានឡើងកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចខាងលើដែលចាយពេលជាច្រើនម៉ោងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) របស់លោក ចូ បៃដិន កើតមានឡើងបន្ទាប់ពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិករូបនេះបានដាក់ចេញគោលនយោបាយថ្មីមួយដែលមានគោលដៅទប់ស្កាត់ការកើនឡើងនៃការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ចូលមកក្នុងសហរដ្ឋអាមេរិក។

លោក ចូ បៃដិន បានឈប់សំចតនៅឯទីក្រុង អែល ប៉ាសូ (El Paso) នៃរដ្ឋតិចសាស់ (Texas) មុននឹងធ្វើដំណើរទៅកាន់ប្រទេសម៉ិកស៉ិក ជាទីដែលលោកត្រូវបានគេរំពឹងថានឹង ជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ិកស៉ិក លោក អាន់ឌ្រែស ម៉ានុយអែល ឡូប៉ែស អ័រប្រាដ័រ (Andres Manuel Lopez Obrador) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មុននឹង ចូលរួមកិច្ចប្រជុំត្រីភាគីមួយដែលមានការចូលរួមផងដែរពីនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) នៅក្នុងទីក្រុង Mexico City។

គួរបញ្ជាក់ថា លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍មុន បាននិយាយថារដ្ឋបាលរបស់លោកនឹងរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រ​វេសន៍ តាមរយៈការទប់ស្កាត់ការហូរចូល ជនអន្តោប្រវេសន៍ខុសច្បាប់មកពីគុយបា ហៃទី និងនីការ៉ាហ្កា៕