(កៀវ)៖ មន្រ្តីអ៊ុយក្រែន បានច្រានចោលការអះអាងរបស់រុស្ស៊ី ដែលថាយោធារបស់ខ្លួនបានធ្វើការវាយប្រហារ ទៅលើបន្ទាយទាហានអ៊ុយក្រែននៅក្នុងតំបន់ដុនបាស់ (Donbas) ហើយសម្លាប់ទាហានអ៊ុយក្រែនរាប់រយនាក់។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឱ្យដឹងថាយោធារុស្ស៉ីបានវាយប្រហារដោយមីស៊ីលលើបន្ទាយចំនួន២ ដែលមានកងទ័ពអ៊ុយក្រែនជាង ១,៣០០នាក់ នៅក្នុងទីក្រុងក្រាម៉ាទ័សស្កិ៍ (Kramatorsk) ស្តិតនៅក្នុងតំបន់ដូណេត ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយបាននិយាយថាការវាយប្រហារនេះធ្វើឡើង ដើម្បីសងសឹក បន្ទាប់ពីអ៊ុយក្រែនបានសម្លាប់ទាហានរុស្ស៊ីរាប់សិបនាក់ នៅក្នុងការវាយប្រហារលើទីក្រុងម៉ាគីវវ៉ា (Makiivka) កាលពីសប្តាហ៍មុន។

លោក សឺហ៉ី ឆេរ៉េវ៉ាទី (Serhiy Cherevaty) អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែននៅភាគខាងកើត បានបញ្ជាក់ថាការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងក្រាម៉ាទ័សស្កិ៍ បានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលតែប៉ុណ្ណោះ ដោយគ្មានផលប៉ះពាល់ណាមួយដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននោះទេ។ រីឯអភិបាលក្រុងក្រាម៉ាទ័សស្កិ៍ លោក អូឡេកសាន់ដឺ ហុនឆារិនកូ (Oleksandr Honcharenko) ក៏បាននិយាយដែរថា អគារសិក្សាចំនួន២ និងផ្ទះល្វែងចំនួន៨ខ្នង បានរងការខូចខាត។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា មីស៊ីលរបស់ខ្លួនបានវាយប្រហារលើបន្ទាយបណ្ដោះអាសន្នចំនួនពីរ ដែលមាន ទាហានអ៊ុយក្រែនចំនួន ១,៣០០នាក់នៅទីក្រុងក្រាម៉ាទ័សស្កិ៍ ក្នុងតំបន់ដូណេត ដោយបានសម្លាប់ទាហានអ៊ុយក្រែនជាង ៦០០នាក់៕